គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចពញាចក្រី ហេង សំរិន៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១​ |
    សម្តេចពញាចក្រី ហេង សំរិន៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ សម្តេចពញាចក្រី ហេង សំរិន៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ

    ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សំាងកូវីដ-១៩ ដូសទី៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានក្នុងចំនួនយ៉ាងច្រើនជាទីមោទនភាពបំផុត នៅក្នុងការពារសុខុមាលភាពពលរដ្ឋ និងសង្គមទប់ទល់នឹងជំងឺដ៏សាហាវនោះ។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទំាងអស់ រួមនិងដៃគូអភិវឌ្ឍន៍ទំាងឡាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សំាង សម្ភារៈវេជ្ជសាស្រ្តនានាដល់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងសមាជិកសមាជិការដ្ឋសភា និងក្រុមគ្រួសារ បានអញ្ជើញមកទទួលវ៉ាក់សំាងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ តាមការរៀបចំរបស់ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

    នៅក្នុងឱកាសនោះ សម្តេចប្រធាន បានថ្លែងការកោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធពលខេមរភូមិន្ទ ព្រមទំាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាងនៅក្នុងការចុះចាក់វ៉ាក់សំាង និងធ្វើកិច្ចអន្តរាគមន៍តាមភារកិច្ច ដើម្បីធ្វើឲ្យយុទ្ធសាស្រ្តាចាក់វ៉ាក់សំាងការពារសុខុមមាលភាពសង្គមជាតិរបស់យើងទទួលបានជោគជ័យធំធេង។

    សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សំាង ជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសសំដៅឈានទៅសម្រេចឲ្យបាននូវភាពសំាសហគមន៍ ដែលជាកក្តាជំរុញធានាឲ្យបាន នូវការវិលត្រឡប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារបានឡើងនូវបញ្ហាសេដ្ឋកិច្ច។ កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សំាងបានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ រហូតមកដល់ពេលនេះសឹងតែ១០០%ហើយ នៃចំនួន១០លាននាក់នោះ បានទៅទទួលវ៉ាក់សំាង។ ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ ដល់១៧ឆ្នាំ មកដល់ពេលនេះ ជិត៩០%ហើយដែរ បានទៅចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត២លាននាក់នោះ។

    ក្រសួងសុខាភិបាលបានកំពុងបន្តយ៉ាងមមាញឹកនៅក្នុងការចាក់វ៉ាក់សំាងដូសទី៣ ឬដូសជំរុញ ដល់ពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ហើយនៅតែបន្តផ្តល់វ៉ាក់សំាងដូសដំបូង ដល់ពលរដ្ឋដែលមិនទាន់បានទៅចាក់ ធ្វើយ៉ាងណាឲ្យពលរដ្ឋរបស់យើង ដែលមានអាយុត្រូវចាក់ ឱ្យបានគ្រប់ៗគ្នាទទួលបានវ៉ាក់សំាងកូវីដ-១៩។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា យុទ្ធសាស្រ្តវ៉ាក់សំាង បានធ្វើឲ្យកម្ពុជានឹងអាចបើកដំណើរការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដែលគោរពបានតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឲ្យចៅៗ កូនក្មួយបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការប្រកបកិច្ចការរកទទួលទានប្រចំាថ្ងៃផ្សេងៗនោះ។

    សម្តេចប្រធានរដ្ឋសភា បានបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ ទោះបីបានចាក់វ៉ាក់សំាងហើយក្តី សូមបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់ ទើបអាចចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបានសេចក្តីសុខពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះ៕

    អត្ថបទទាក់ទង