សម្ដេចពញាចក្រី ហេង សំរិន ចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ខណៈមានពលរដ្ឋ ៣នាក់បានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។
សម្ដេចពញាចក្រី ហេង សំរិន អំពាវនាវដល់ជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ននៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខណៈដែលមានការរីករាលដាល នៃជំងឺកូវីដ១៩ កំពុងបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ បន្ថែមលើសពីនេះ សម្ដេចពញាចក្រី ស្នើឲ្យបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួមអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។
ឆ្លៀតឱកាសនេះដែរ សម្ដេចពញាចក្រី សូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។
ជាមួយគ្នានេះដែរ សម្ដេចពញាចក្រី ក៏បានថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកំលាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។
សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ សូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខ និងសុភមង្គល គ្រប់ក្រុមគ្រួសារ៕