គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ

    នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។

    យោងតាមរបាយការណ៍ដែលផ្តល់ដោយ ឯកឧត្តម ជា សុផារ៉ា ប្រធានគណកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរបានដឹងថា ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ គឺក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះអោយមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការស្ថាបនាផ្លូវទាំង ៣៧ខ្សែនេះ ក្នុងរយៈពេលកំណត់ ៨ខែ ឱ្យរួចរាល់ជាស្ថាពរដោយគិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកការដ្ឋានផ្លូវក្នុងគម្រោងអភិវឌ្ឍនេះ ត្រូវបានសិក្សាកំណត់បែងចែកឋានានុក្រមផ្លូវជា៣ប្រភេទ ស្របតាមតំបន់នគរូបនិយកម្មក្នុងក្រុង តំបន់ជាយក្រុង តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាមួយការកំណត់លក្ខណៈបច្ចេកទេសសាងសង់។
    សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលផ្លូវ និងរចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុមានពេលនេះដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងចក្ខុវិស័យកសាងផ្លូវនេះ មិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌, ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច, ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនីយកម្ម និងភាពធន់មាំទាក់ទងអាកាសធាតុ និងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុខភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។
    នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងខែធ្នូនេះ ដែលក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ៣សំខាន់សំរាប់សម្តេចក៏ដូចជាសម្រាប់កម្ពុជាទាំងមូលគឺ៖ ទី១) ២​ ធ្នូ ១៩៧៨ គឺជាថ្ងៃបង្កើត រណសិរ្យសាមគ្គីស ង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រ ទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរ ក្រហមប៉ុលពត។ ទី២) ២ ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចាជា លើកដំបូងរវាង សម្តេចព្រះនរោត្តម សីហនុ ជាមួយ សម្តេច ហ៊ុន សែន នៅ Fère en Tardenois នៅប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល ៣៤ ឆ្នាំហើយ មុននឹងមានការពិភាក្សាចរចាបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ១៩៩១ និងទី៣) ២ ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណក្រោយពេលបង្កើតរាជរដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា យុទ្ធសាស្ត្រត្រីកោណនោះគឺមានមុំ៣សំខាន់គឺ៖ទី១) ការធ្វើសន្តិភាវូបនីកម្ម មានន័យថាការពង្រឹងសន្តិភាពផ្ទៃក្នុងប្រទេស ទប់ស្កាត់មិនអោយមានការបាញ់បោះ និងជម្លោះផ្ទៃក្នុងតទៅទៀត។ ទី២) ការធ្វើសមាហរណកម្មកម្ពុជាអោយបានឆាប់បំផុតជាមួយសហគមអន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីកម្ពុជាដែលបានព្យួរទុកនៅអង្គការស​ហប្រជាជាតិ (UN) ត្រឡប់មកវិញ ហើយពេលនោះយើង​ក៏ចាប់ផ្តើមមានការប្រជុំ និងចូលជាសមាជិកអា​ស៊ា​ន (ASEAN) និងជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត។ និង ទី៣)ផ្អែកលេីកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ គឺកម្ពុជាបានខិតខំទាំងប្រមូលគ្រប់ធនធានទាំងអស់ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។
    ជាថ្មីម្ដងទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការចាំបាច់នានារបស់ក្រសួងសុខាភិបាលជា ពិសេសអំឡុងពេលដែលយើងបានបើកដំណើរការនូវអាជីវកម្មមួយចំនួនដែលកន្លងមកគិតថាអាចជួបនឹងហានិភ័យនោះ ដូចជាតាមភោជនីយដ្ឋានអាហារដ្ឋាន ខារ៉ាអូខេ ឌីស្កូតិក ជាដើមនោះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
    នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសនន៍ថា សម្តេចនឹងគាំទ្រកូនប្រុសច្បងរបស់សម្តេចគឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តនាពេលខាងមុខ ប៉ុន្តែការធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវឆ្លងកាត់ធ្វើការបោះឆ្នោត ។ ការមានប្រសាសន៍បែបនេះ គឺជាឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយចំនួនដែលតែងតែលើកឡើងអំពីបញ្ហានេះជាដដែលៗ។
    ដូច្នេះនៅថ្ងៃនេះ សម្ដេចបានប្រកាសជាសាធារណ:ថា ប្រុសរបស់សម្ដេច គឺ ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងចំណោមបេក្ខជនផ្សេងទៀត ដោយមានការគាំទ្រពីសម្តេចជាឪពុកតែម្តង។
    ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះបណ្តាសប្បរសជនទាំងឡាយដែលបានចូលក្នុងការកសាងអភិវខេត្តព្រះសីហនុនេះ ។ ចុងបញ្ចប់ពិធីសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ចាប់ពីពេលនេះតទៅទៅ៕
    បញ្ចេញមតិ
    អត្ថបទទាក់ទង