គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សាលាក្ដីខ្មែរក្រហម សម្រេចតម្កល់ការកាត់ទោសលោក ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិត ហើយបិទផ្លូវតវ៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២​ |
    សាលាក្ដីខ្មែរក្រហម សម្រេចតម្កល់ការកាត់ទោសលោក ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិត ហើយបិទផ្លូវតវ៉ា សាលាក្ដីខ្មែរក្រហម សម្រេចតម្កល់ការកាត់ទោសលោក ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិត ហើយបិទផ្លូវតវ៉ា

    ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទលោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម។

    នៅក្នុងសាលដីកានេះ សាលាក្តីខ្មែរក្រហម បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយកាត់​ទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង។

    លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា ហៅកាត់ អ.វ.ត.ក បានឱ្យដឹងថា សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះ ជាការ​បិទបញ្ចប់​សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូល ក្រោយពេល​ដំណើរការ​សំណុំរឿង​ក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់​ការជំនុំជម្រះ និងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។

    សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ដែលបណ្តុំទៅដោយអតីត​មេដឹកនាំកំពូលៗ​នៃរបបខ្មែរក្រហម ៤រូប ជាជនជាប់ចោទ រួមមានទី១៖ នួន ជា អតីតអនុលេខាបក្ស​កុម្មុយនិស្ត​កម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហម, ទី២៖ លោក ខៀវ សំផន អតីតគណៈ​ប្រធានរដ្ឋនៃរបបខ្មែរក្រហម, ទី៣៖ លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម និងទី៤៖ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​នៃរបបខ្មែរក្រហម។

    នៅចុងបញ្ចប់នៃសំណុំរឿងនេះ ជនជាប់ចោទ ១រូប ក្នុងចំណោម ៤រូប គឺអតីតប្រធាន​គណៈ​ប្រធានរដ្ឋ ខៀវ សំផន បច្ចុប្បន្ននេះ មានអាយុ៩១ឆ្នាំ នៅរស់រានមានជីវិត និងបានចូលរួមក្នុង​ដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង ខណៈជនជាប់ចោទ ៣រូបផ្សេង​ទៀតរួមមាន៖ លោក អៀង សារី (ស្លាប់ខែមីនា ឆ្នាំ២០១៣) និងលោកស្រី អៀង ធីរិទ្ធ (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំ) បាន​ស្លាប់​នៅ​ក្នុងដំណើរការនីតិវិធីជំនុំជម្រះ រីឯលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជា​ប្រធាន​សភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់​នៅក្នុង​ដំណាក់​កាលបណ្តឹង​សាទុក្ខក្នុង​សំណុំរឿង ០០២/០២ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

    លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន គឺជាសាលដីចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងបេសកកម្មស្វែងរកការពិត និងយុត្តិធម៌ជូនជនរងគ្រោះកម្ពុជាតាមរយៈការជំនុំជម្រះក្តីប្រឆាំងទៅលើជនពីរជំពូកគឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋកម្ម ដែលបាន ប្រព្រឹត្តឡើងនៅ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលក្នុងនោះពលរដ្ឋខ្មែរចន្លោះ ១,៧លាន ទៅ ២,២លាននាក់ បានស្លាប់បាត់បង់ជីវិតដោយអំពើអមនុស្សផ្សេងៗ។ នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតរបស់តុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជន កម្ពុជាជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម ដែលបានទទួលនូវសាលដីកាថ្មីមួយទៀត និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ៕ FreshNews

     

    អត្ថបទទាក់ទង