អបអរសាទរខួបលើកទី១៦ នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២០ គឺជាខួបលើកទី ១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ នៃព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ នៅក្នុងឱកាសនេះ មន្ត្រីរាជការ បុគ្គលិកតាមស្ថានប័នឯកជន និងសិស្សសាលា ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១ថ្ងៃ ដើម្បីអបអរខួបនៃព្រះរាជាភិសេករបស់ព្រះមហាក្សត្រ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមរំឭកពីប្រវត្តិ នៃការឡើងគ្រងរាជសម្បត្តិរបស់សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដូចតទៅ៖
ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់ជាបេក្ខជនតែមួយអង្គគត់ សម្រាប់ព្រះរាជតំណែងដ៏ខ្ពង់ខ្ពស់ ជាព្រះមហាក្សត្រ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកឆន្ទ ក្នុងសំឡេង៩ លើ៩ សំឡេង ដើម្បីឡើងសោយរាជ្យជាព្រះមហាក្សត្រ ជំនួសព្រះបិតា ព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ខណៈព្រះអង្គកំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ថែទាំព្រះរោគព្រះបិតា។ បន្ទាប់មកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ក៏បានរៀបចំឡើងជាឱឡារឹក នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ៕
ព្រះមហាក្សត្រកម្ពុជា មានព្រះបរមងាថា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា ខេតិយា ខេមរារ៉ុងរឿង ពុទ្ធំព្រាធិរា មហាក្សត្រ ខេមរាជនា សមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ នាទីក្រុងភ្នំពេញ។ ទ្រង់ ជាព្រះរាជបុត្រា សម្តេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ។ ព្រះអង្គមានបងប្អូនរួមឧទ្ទរណ៍តែពីរព្រះអង្គប៉ុណ្ណោះ គឺទ្រង់ និងព្រះអង្គនរិន្ទរពង្សជាព្រះរាជអាណុច៕