គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៨

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៨ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៨

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងបណ្ដាមេដឹកនាំអាស៊ាន ។

    នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងឥណ្ឌា បានអនុម័តលើសេចក្តីប្រកាសរួមអាស៊ាន និងឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើចក្ខុវិស័យអាស៊ាន ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បាន​លើកចំណុចមួយចំនួន ជាពិសេសបានមើលឃើញថា ទោះបីមានវិបត្តិកូវីដ១៩ក្តី តែកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា នៅតែមានភាពល្អប្រសើរ និងមានការរីកចម្រើន។

    ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានចាត់ទុកឆ្នាំ២០២២ខាងមុខនេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ព្រោះជាខួប៣០ឆ្នាំ នៃដៃគូសន្ទនារវាងអាស៊ាន និងឥណ្ឌា។ ជាពិសេសក្នុងខួប៣០ឆ្នាំនៃទំនាក់ទំនងនេះ ត្រូវជំរុញយ៉ាងណាឱ្យមានកម្មវិធី និងសកម្មភាពនានា ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃទំនាក់ទំនងនេះ។

    ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍ចំពោះការគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារប្រទេសតំបន់អាស៊ានឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ និងបានអរគុណឥណ្ឌា ដែលបានផ្តល់វិភាគទាន១លានដុល្លារ សម្រាប់មូលនិធិអាស៊ានឆ្លើយតបវិបត្តិជំងឺកូវីដ១៩នេះ។

    ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានប្តេជ្ញានៅតែខិតខំជំរុញ និងពង្រឹងទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ថាមពល ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា បន្តជំរុញតួនាទីរបស់ខ្លួនក្នុងការលើកតម្កើងការធ្វើពាណិជ្ជកម្មរវាងតំបន់អាស៊ាន និងឥណ្ឌា។

    ប្រមុខរដ្ឋាភិបាលអាស៊ាន ថ្លែងអំណរគុណដល់ឥណ្ឌា ដែលបានផ្តល់ការគាំទ្រក្នុងការកសាងសមត្ថភាពរបស់អាស៊ាន តាមរយៈការបណ្តុះបណ្តាលដោយផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ១ពាន់កន្លែង សម្រាប់និស្សិតប្រទេសសមាជិកអាស៊ាន ដើម្បីទៅសិក្សានៅឥណ្ឌា។

    ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ទទួលស្គាល់នូវសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់អាស៊ាន។ ជាពិសេសត្រូវខិតខំជំរុញបន្ថែមទៀតនូវផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ និងផ្តល់សារសំខាន់ទៅលើទស្សនទានអាស៊ានស្តីពីនយោបាយឥណ្ឌូប៉ាស៊ីហ្វិក។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានយល់ថា អាស៊ាន និងឥណ្ឌា ត្រូវជំរុញកិច្ចសហប្រតិបត្តិការគ្នាធ្វើយ៉ាងណាឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រក្សាបានសន្តិភាព ស្ថិរភាព និងសន្តិសុខ។

    នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើឥណ្ឌា បន្តការគាំទ្រជាពិសេសទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងអនុតំបន់ទន្លេមេគង្គ។ កិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានពិភាក្សាបញ្ហាតំបន់មានដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង