គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេស​ជប៉ុន​ចូល​ជួប​សម្ដែ​ង​ការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេស​ជប៉ុន​ចូល​ជួប​សម្ដែ​ង​ការគួរសម និងពិភាក្សាការងារ សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេស​ជប៉ុន​ចូល​ជួប​សម្ដែ​ង​ការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន​ចូល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ។ បន្ទាប់ពីជំនួបនេះសម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើ៖

    ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា និងដល់ប្រជាជនកម្ពុជា ដែលបាន​សំដែង​មរណទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​មរណភាព​របស់ឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ។ ឯកឧត្តមបាន​មាន​ប្រសាសន៍​ថា នេះគឺជាកាយវិការដ៏ប្រពៃបំផុតរបស់កម្ពុជា ប្រកបដោយក្តីគោរពគោរព និង​ក្តី​ស្រឡាញ់​។ ឯកឧត្តមបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាម៉ា អោយត្រឡប់មករកភាពប្រក្រតីវិញ ។ ឯកឧត្តម​ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះភាពជោគ​ជ័យ​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

    ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានសម្ដែងនូវក្តីរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលឯកឧត្តមគិតថា ជាទំនាក់ទំនងមួយដែលស្ថិតនៅលើគន្លងមួយដែលល្អបំផុត ក្នុងន័យនេះ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងបន្តកិច្ចសហការ ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ហើយធ្វើយ៉ាងណាជំរុញ​ទំនាក់ទំនង​នេះ​ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយនឹងការជំរុញនូវ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ការជំរុញអ្នកវិនិយោគជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា រួមទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។

    ជាការ​ឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ថ្នាក់ដឹកនាំ គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe ដែលជាមិត្តដ៏ល្អរបស់កម្ពុជាផង និងជាមិត្តល្អរបស់សម្ដេចផង។ សម្ដេចតេជោបានមានប្រសាសន៍ថា ការបាត់បង់ឯកឧត្តម Shinzo Abe គឺសម្ដេចមានអារម្មណ៍ដូចគ្នាទៅនឹងការបាត់បង់បងប្រុសរបស់សម្ដេចផងដែរ ដែលវាហាក់បីដូចជាលឿនពេក ដែលធ្លាប់បានធ្វើការរួមគ្នា ហើយឯកឧត្តម Abe បានធ្វើការ​ជាមួយ​កម្ពុជា និងមានស្នាដៃជាច្រើន រួមទាំងជាមួយអាស៊ានមេគង្គផងដែរ ។ សម្ដេចតេជោ​នាយករដ្ឋ​មន្ត្រី​បានយល់ស្របចំពោះការវាយតម្លៃ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងកម្ពុជា និងជប៉ុន ហើយក៏បា​នថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន​ដែល​បាន​ផ្ដល់​នូវ​ឥណទាន​សម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ និងអរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីត-១៩​ ជូនដល់កម្ពុជា ហើយការផ្ដល់វ៉ាក់សាំងនេះ ជាការចូលរួមចំណែកធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាពបើកដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ។

    ជាមួយគ្នានោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​លើក​ឡើង​អំពី​ជម្លោះ​នៅ​អ៊ុយក្រែន ដោយសម្ដេចបានមានប្រសាសន៍ថា សង្គ្រាមជារឿងមួយហើយ ការដាក់​ទណ្ឌ​កម្ម​ជា​រឿង​មួយ ដែលមិនត្រឹមតែប៉ះពាល់ទៅដល់ប្រទេសរុស្ស៊ី និងឱ្យក្រែមប៉ុណ្ណោះទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​លើ​ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ។

    ហើយទាក់ទងទៅ​នឹង​ករណី​នៅ​ប្រទេស​មីយ៉ាម៉ាវិញ អ្វីដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជានោះ គឺក្នុងគោល​បំណង​ ដើម្បី​ឲ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ តាមគន្លងលទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលកម្ពុជាធ្វើកន្លងមក គឺបានប្រកាន់​ភ្ជាប់​នូវ វិធានការ៣ សំខាន់ៗទី១គឺការកាត់បន្ថយ ឬបញ្ឈប់អំពើហិង្សា ទី២ គឺការផ្ដល់ជំនួយ​មនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា និងទី៣ ការបង្កបរិយាកាស​សម​ស្រប​សម្រាប់​ការសន្ទនា យោបាយរវាង ភាគីពាក់ព័ន្ធទាំងអស់ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានសម្ដែងនូវការសោកស្ដាយចំពោះការកាត់ទោសប្រហារជីវិត សកម្មជនប្រឆាំង៤រូប​ សម្ដេចតេជោបានមានប្រសាសន៍ ថាទោះបីជាក្នុងករណីយ៉ាងណាក៏ដោយ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដើម្បីនាំប្រទេសមីយ៉ាម៉ា អោយវិលត្រឡប់មករកភាពប្រក្រតីវិញ៕

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង