គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវចំពោះកម្លាំងទាំងអស់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១​ |
    សម្ដេចក្រឡាហោម ស ខេង អំពាវនាវចំពោះកម្លាំងទាំងអស់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន សម្ដេចក្រឡាហោម ស ខេង អំពាវនាវចំពោះកម្លាំងទាំងអស់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

    ភ្នំពេញ​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល បានអំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឲ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍។

    សម្ដេចក្រឡាហោម ស ខេង​ បាន​បន្តថា ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖

    – កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។

    – កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។

    – កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។

    – មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

    ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម​បាន​បង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំប្រទេសក្នុងខែមិថុនា ឆ្នាំ២០២១ យ៉ាងដូច្នេះ « តាមរយៈលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ បានបង្ហាញឱ្យឃើញថា មានសកម្មភាព ចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមានឡើងក្នុងភូមិសាស្ត្ររាជធានី ខេត្ត គឺក្នុងខែមិថុនានេះ យើងបង្ក្រាបបាន បទល្មើសគ្រឿងញៀនសរុប ៣៧៧ករណី (ធៀបនឹងខែឧសភា/២០២១, មាន ៤២៣ករណី) ថយចុះ ៤៦ករណី ស្មើនឹង ១០៨ភាគរយ ក្នុងនោះ ករណីជួញដូរ រក្សាទុក ២៨១ករណី, ករណីប្រើប្រាស់ ៨៧ករណី, ករណីសំយោគ កែច្នៃ ០២ករណី, ករណីដាំដុះ ០៧ករណី ។

    ករណីគ្រឿងញៀនបង្ក្រាបដោយ សមត្ថកិច្ចនគរបាលចំនួន ៣៥៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៧៦១នាក់ (ស្រី ៥៣នាក់) និង ករណីគ្រឿងញៀនបង្ក្រាបដោយ សមត្ថកិច្ចកងរាជអាវុធហត្ថចំនួន ២៣ករណី ឃាត់ខ្លួនជន សង្ស័យចំនួន ៤៦នាក់ (ស្រី ០៣នាក់) ។

    ឃាត់ខ្លួនជនសង្ស័យសរុប មាន ៨០៧នាក់ ស្រី ៥៦នាក់ (ធៀបខែឧសភា/២០២១, មាន ៩១៤នាក់) ថយចុះ ១០៧នាក់ ស្មើនឹង ១១៧ភាគរយ ក្នុងនោះ ជនសង្ស័យក្នុងករណីជួញដូរ រក្សាទុក ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន ៥៨៤នាក់ (ស្រី ៣៩នាក់) ២១៤នាក់ (ស្រី ១៧នាក់), ជនសង្ស័យក្នុងករណីសំយោគ កែច្នៃ ០៩នាក់ ។»

     ក្រៅពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ក៏បានខិតខំធ្វើសកម្មភាពក្នុងផ្នែកផ្សេងៗទៀតដូចជាការងារអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន តាមសហគមន៍ តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ដែលមានអ្នកចូលរួមអាន និងស្តាប់រាប់លាននាក់ ។ ជាមួយគ្នានេះក៏មានសកម្មភាពកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនដូចជាការព្យាបាល ការស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ។ ក្រៅពីនោះយើងក៏បានបង្កើនការងារសហប្រតិបត្តិការជាមួយប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

    ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននាខែមិថុនានេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះសកម្មភាពប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបានរួមចំណែកដើម្បី ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសុខុមាលភាពសង្គម៕

    អត្ថបទទាក់ទង