អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី១លាន ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) បាននាំយកថវិកាចំនួន ៥លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី១លាន។
អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ មុខរបរលក់ដូរតាមហាង បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ។ លោកមានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។
សូមជំរាបថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕