គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅប្រទេសកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅប្រទេសកម្ពុជា

    ភ្នំពេញ៖ នៅវិមានសន្តិភាព នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា។

    នៅក្នុងជំនួបនោះលោកជំទាវ Maria Amelita C.Aquino បានពាំនាំនូវពាក្យផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីហ្វីលីពីនជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ លោកជំទាវបានសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ។ ដែលធ្វើអោយកម្ពុជាមានការរីករាលដាលឆ្លងជំងឺកូវីដ១៩នេះយ៉ាងតិចបំផុត។

    លោកជំទាវ ក៏បានគោរពថ្លែងអំណរគុណ និងសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនាំកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ។ លោកជំទាវបានគោរពជម្រាបជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រីថា បេសកកម្មរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ។

    លោកជំទាវបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះ គឺលោកជំទាវ នឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយនោះ។ លោកជំទាវនឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសយើងទាំងពីរមានរួមគ្នានោះ។ លោកជំទាវក៏បានគោរពជម្រាបជូន សម្ដេចតេជោផងដែរថា នៅពេលខាងមុខ លោកជំទាវបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើយ៉ាងណា ចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីត១៩បានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរអរគុណ និងអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និងក៏បានថ្លែងអំណរគុណចំពោះការនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន ជូនចំពោះសម្ដេច។ សម្ដេចតេជោក៏បានយល់ស្របជាមួយលោកនឹងជំទាវ និងបានសំដែងនូវការរីករាយចំពោះទំនាក់ទំនងកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើន ធំធាត់ជាលំដាប់រហូតដល់ពេលនេះ ។

    សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ វាពិតជាបានធ្វើឲ្យមានការផ្អាកនៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយយើងគប្បីណាពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវ អគ្គរដ្ឋទូតហ្វីលីពីនថា កម្ពុជាយើងមានអង្ករនៅសល់ជាច្រើនប្រមាណ៦លានតោនក្នុងមួយឆ្នាំ ក្នុងន័យនេះ សម្តេចតេជោក៏បានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន និងក្រៅពីនេះសម្តេចតេជោបានមានប្រសាសន៍ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាយើងបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។ ក្នុងន័យនេះដែរ សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក។

    មុននឹងបញ្ចប់ សម្តេចតេជោបានផ្ញើជូននូវការសួរសុខទុក្ខ ចំពោះឯកឧត្តមប្រធានាធិបតីហ្វីលីពីន ក៏ដូចជាជូនពរអោយលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា និងសហការីទាំងអស់ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច៕

    អត្ថបទទាក់ទង