សម្ដេច សាយ ឈុំ ៖ សមិទ្ធផលជាច្រើនបានកសាងនៅទូទាំងប្រទេស មិនអាចកើតឡើងដោយឯកឯងបានទេ ប្រសិនបើគ្មានសន្តិភាព
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលជាច្រើនរាប់មិនអស់ត្រូវបានកសាង និងអភិវឌ្ឍនៅទូទាំងប្រទេស មិនអាចកើតឡើងដោយឯកឯងបានទេ ប្រសិនបើគ្មានសន្តិភាព។ សម្ដេចបន្តថាត្រូវរំលឹកបង្រៀនដល់ក្មេងៗជំនាន់ក្រោយ ពីគុណតម្លៃនៃសន្តិភាព ដោយបង្ហាញឱ្យពួកគេឃើញ និងយល់ថា បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលថ្មីចំនួន ០១ខ្នង កម្ពស់ ២ជាន់ មាន១៥បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
សម្ដេច សាយ ឈុំ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបច្ចុប្បន្នបានផ្តោតសំខាន់លើការអភិវឌ្ឍ មនុស្ស ទឹក ផ្លូវ ភ្លើង។ ការប្រែប្រួលចក្ខុវិស័យ គឺសុទ្ធតែត្រូវបានគិតគូរយ៉ាងហ្ម៉ត់ចត់ និងត្រឹមត្រូវពីប្រមុខរដ្ឋាភិបាល ដើម្បីប្រទេសកម្ពុជាបន្តទទួលបានការរីកចម្រើនជាលំដាប់តាមលំអានរបស់ពិភពលោក និងដើម្បីប្រជាពលរដ្ឋ បន្តរស់នៅដោយសុខ សន្តិភាព មានជីវភាពប្រសើរឡើង ទោះបីជាពេលខ្លះយើងទាំងអស់គ្នាត្រូវប្រឈម នឹងការលំបាកដែលមិនធ្លាប់ជួបពីមុន ដូចជាការរាតត្បាត នៃជំងឺកូវីដ-១៩ និងដោយវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក្តី អ្វីដែលរាជរដ្ឋាភិបាលធានាបានជូនប្រជាពលរដ្ឋគ្រប់ៗរូប គឺសុខសន្តិភាព ដែលយើងគ្រប់គ្នារកបានមកដោយលំបាក។ សម្តេចប្រធានព្រឹទ្ធសភាបន្តថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ និងចាំបាច់ សម្រាប់រួមចំណែកដល់ការកសាងសង្គមអារ្យធម៌មួយ ប្រកបដោយសុខុដុមរមនា សុភមង្គល មានសណ្តាប់ធ្នាប់ និងការរីកចម្រើនជាលំដាប់។
ជាមួយគ្នានេះដែរ សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ថ្មីៗកន្លងមកនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សានៅទូទាំងប្រទេស ហើយសម្ដេចសង្ឃឹមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាឆ្នាំ២០២៣ និងប្រព្រឹត្តទៅដោយរលូន។សម្ដេចបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសចៅសង្កាត់ និងថ្នាក់ដឹកនាំឃុំ-សង្កាត់ ត្រូវបន្តកាយវិការសកម្មក្នុងការបម្រើប្រជាជន និងធ្វើឱ្យកាន់តែច្រើនឡើងថែមទៀត៕