សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ
ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។
ក្នុងជំនួបនោះ ឯកឧត្តម ណារ៉ុងផាន់ ជិតកែវធែ បានគោរព សំដែងនូវអំណរអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលត្រូវបានព្រះមហាក្សត្រប្រគល់មេដាយសហមេត្រីជូនឯកឧត្តម។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោទៀតថា នេះគឺជាដំណើរចេញក្រៅប្រទេសលើកទី១ ហើយប្រទេសកម្ពុជាគឺជាប្រទេសទី១ ដែលឯកឧត្តមមកធ្វើទស្សនកិច្ចផ្លូវការក្នុងនាម មេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមសម្ដែងនូវ ការអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាជនកម្ពុជា ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ។ ឯកឧត្តមសូមសំដែងនូវការគាំទ្រ នូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅថ្មីៗនេះ ហើយឯកឧត្តមមានជំនឿជឿជាក់ថា សម្ដេចតេជោនឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា កងទ័ពកម្ពុជា និងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ ក្នុងនាមឯកឧត្តមជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម និងរក្សាទំនាក់ទំនងនេះ និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត។ ឯកឧត្តមក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណាសហការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ហើយក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ និងអរគុណដែលបានគាំទ្រនូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ លើសពីនេះទៅទៀតសម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោបានមានប្រសាសន៍ថា ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេសការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឈរលើទំនាក់ទំនងដ៏ល្អនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា កងទ័ពគប្បីណាដើរតួនាទី ជាកងទ័ពការទូត រក្សាសន្តិភាព ស្ថិរភាព បង្កើនជំនឿទុកចិត្ត ឲ្យប្រជាជននៅតាមព្រំដែន មានជំនឿចិត្តប្រកបអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែក្លាយព្រំដែនជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ក្នុងឱកាសនោះផងដែរសម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលកន្លងមកបានជួយដល់ពលករកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសថៃ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលបានជួយដល់ប្រជាជនកម្ពុជា ពេលដែលប្រជាជនកម្ពុជាមានជំងឺ ដែលអនុញ្ញាតឲ្យចូលទៅព្យាបាលនៅក្នុងទឹកដីថៃ នៅតាមព្រំដែន។ ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរ ចំពោះ ឯកឧត្តម ដែលត្រូវបានព្រះករុណាសព្វព្រះរាជហឬទ័យ ប្រទានមេដាយសហមេត្រីជូនដល់ឯកឧត្តមនាពេលនេះ និងជូនពរ ឯកឧត្តម អោយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕