សម្ដេចពញាចក្រី ហេង សំរិន អំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី ខណៈជំងឺកូវីដ-១៩ ហាក់នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ។
សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីសម្ដេច និងសម្ដេចធម្មវិសុទ្ធវង្សា បានចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយនោះ។
សម្ដេចពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនាពេលកន្លងមក និងជាពិសេសកិច្ចខំប្រឹងប្រែងក្នុងការ កៀរគរមូលនីធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ សម្ដេចប្រធានរដ្ឋសភាក៏បានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ក្នុងនោះអង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្តល់ជំនួយវ៉ាកសាំងកូវីដ-១៩ ចំនួន ៣២៤ ០០០ ដូស ក្នុងដំណាក់កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេស មិត្តចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូស ព្រមទាំងសម្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចពញាចក្រី ហេង សំរិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី។ ជំងឺកូវីដ-១៩ ហាក់នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ ដូច្នេះវិធានការការពារនៅតែជាចំនុចអាទិភាព ដែលយើងត្រូវតែបន្តអនុវត្ត មិនអាចធ្វេសប្រហែសបានឡើយ។ ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាការចូលរួមរបស់យើងទាំងអស់គ្នា។ សូមជនរួមជាតិ ប្រកបដោយសេចក្តីសុខនិងសុភមង្គលគ្រប់គ្រួសារ និងបានចៀសឆ្ងាយពីជំងឺកូវីដ-១៩ទំាងអស់គ្នា៕