គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ចូលរួម​វិភាគទានចំនួន​ ៧លានដុល្លារ​ ក្នុង​មូលនិធិ​អភិវឌ្ឍន៍ ACMECS

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០​ |
    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ចូលរួម​វិភាគទានចំនួន​ ៧លានដុល្លារ​ ក្នុង​មូលនិធិ​អភិវឌ្ឍន៍ ACMECS ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ចូលរួម​វិភាគទានចំនួន​ ៧លានដុល្លារ​ ក្នុង​មូលនិធិ​អភិវឌ្ឍន៍ ACMECS

    ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​ប្រកាស​​ពី​ការចូលរួម​របស់​កម្ពុ​ជា ចំនួន ៧​លាន​ដុល្លារ ក្នុង​មូលនិធិ​អភិវឌ្ឍន៍ ACMECS ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងពន្លឿនការងើបឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩។

    សម្ដេចតេជោ​ បាន​ប្រកាសយ៉ាងដូច្នេះ​ក្នុង​ខណៈ​ដែល​សម្ដេច​ជាប្រធាន​ដឹក​នាំ​​កិច្ចប្រជុំ​កំពូល​ នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩ នៅព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេ​អូ ។ មូលនិធិអភីវឌ្ឍន៍ ACMECS ​មាន​ប្រទេស​ចំនួន ៥ ជា​សមាជិក រួមមាន​៖ កម្ពុជា ថៃ វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​។

    ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ថៃ​បាន​សន្យា​ផ្តល់​វិភាគទានចំនួន ២០០​លាន​ដុល្លារ​អាមេរិក ជា​មូលនិធិ​ដំបូង សម្រាប់​ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍ ACMECS​។ ក្នុង​ស្មារតីរាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សន្យា​ផ្តល់​វិភាគទាន ៧​លាន​ដុល្លារ​អាមេរិក ហើយ​សម្តេច​ក៏​ទន្ទឹងរង់ចាំ​ស្វាគមន៍​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​ពី​សមាជិក​ដទៃទៀត ក្នុង​មូលនិធិ​អភិវឌ្ឍន៍ ACMECS​។

    ​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ជាមួយនឹង​នឹង​ផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ និង​ក្រុមប្រឹក្សា​ប្រតិបត្តិ ដែលមាន​សមត្ថភាព ខ្ញុំ​ពិតជា​មាន​សុ​ទិ​ដ្ឋ​និយម​ថា យើង​អាច​ចាប់ផ្តើម​អនុវត្ត​គម្រោង​អាទិភាព​ក្រោម​ផែនការមេ ACMECS ២០១៩-២០២៣ ដោយ​រលូន​»​។​

    ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថា ប្រទេស​សមាជិក ACMECS ស្មើនឹង​ពាក់កណ្តាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ហើយក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការធ្វើសមាហរណកម្ម​អាស៊ាន ក្នុងករណី ដែល ACMECS ដែលមាន​ប្រទេស​ជា​សមាជិក​ថ្មីថ្មោង ចំនួន ៤ គឺ​ទទួលបាន​នូវ​ការអភិវឌ្ឍន៍ វា​នឹង​កាត់បន្ថយ​បាន​នូវ​គម្លាត ហើយ​វា​ក៏​ទទួលបាន​នូវ​ការធ្វើសមាហរណកម្ម​។​

    សូមបញ្ជាក់​ដែរថា​ ប្រមុខរដ្ឋាភិបាលប្រទេសទាំង៥ ​ ក៏បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់អំពីការប្រឈមទាំងឡាយ ជាពិសេសការប្រឈមនឹងជំងឺរាតត្បាតកូវីត១៩ និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការចំពោះការឆ្លើយតបនឹងការងើបឡើងវិញក្រោយពីវិបត្តិកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។ ក្នុងកិច្ចប្រជុំនេះសម្ដេចតេជោក៏ដូចជាមេដឹកនាំទាំងអស់បានចាប់អារម្មណ៍អំពីបញ្ហាវ៉ាក់សាំងសម្រាប់ការពារ ការឆ្លងកូវីដ១៩ ដែលក្នុងនោះវៀតណាម ថៃក៏បានប្រកាសថានឹងទិញហើយដែរ ដូច្នេះសម្ដេចក៏បានមានប្រសាសន៍សូមអោយមានការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់វ៉ាក់សាំងនេះ ដែលកម្ពុជាគ្រោងនឹងទិញជំហានដំបូង១លានដុសនិងបន្តទិញចាក់អោយបានគ្រប់ចំនួន១០លាននាក់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង