គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ជួបសន្ទនាជាមួយក្រុមវិភាគលើបណ្ដាញសង្គម នៅសហរដ្ឋអាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២​ |
    សម្តេចតេជោ ជួបសន្ទនាជាមួយក្រុមវិភាគលើបណ្ដាញសង្គម នៅសហរដ្ឋអាមេរិក សម្តេចតេជោ ជួបសន្ទនាជាមួយក្រុមវិភាគលើបណ្ដាញសង្គម នៅសហរដ្ឋអាមេរិក

    ឆ្លើយតបនឹងទឹកចិត្តដែលខំទន្ទឹងរង់ចាំ បើទោះបីត្រូវនឿយហត់ ចំណាយពេល ប្រមាណ ២០ម៉ោង ក្នុងការហោះពីកម្ពុជាទៅកាន់ក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្ដី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលទៅដល់ក្រុងវ៉ាស៊ីនតោន ក៏នៅតែឆ្លៀតជួបពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ដែលជាអ្នកវិភាគ​បញ្ហា​សង្គម​នៅ​លើបណ្តាញ​សង្គម​ហ្វេស​ប៊ុក​ខណៈពលរដ្ឋ​ជា​ច្រើន​នៅ​អាមេរិក និងកាណាដាកំពុងរង់ចាំស្វាគមន៍វត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

    ខ្មែរ​ជាអ្នកវិភាគលើបណ្តាញសង្គមនៅអាមេរិកនេះ ដែលសម្តេចតេជោអនុញ្ញាតឱ្យជួបមានជាង ១០រូប ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ លោក ម៉ក់ ហឺន គឺជាអ្នកវិភាគ​បញ្ហាសង្គម​មួយ​រូប ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ។ រាល់ការ​ផ្សាយលើ​បណ្តាញ​សង្គម លោក ម៉ក់ ហឺន តែងលើកទាំងភាពវិជ្ជមាន និងអវិជ្ជមាន​នៅក្នុង​សង្គមខ្មែរ។​ នៅ​ក្នុងជំនួប​នេះ លោក យង់ ណុយ ហៅ ប្រែឌី (Brady Nuy Young) ដែលកន្លងមកត្រូវបានគេស្គាល់ថា​ជាអ្នកដែល​តែងរិះគន់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាបែបជ្រុលនិយម ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលរួមផងដែរ។

    លោក យង់ ណុយ ហៅ ប្រែឌី គឺជាពលរដ្ឋខ្មែរអាមេរិកាំង រស់នៅក្រុងឡុងប៊ិច។ កន្លងមក លោក ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលតែងផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក រិះគន់ និងវាយប្រហារធ្ងន់លើសម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

    នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះខ្មែរនៅ​អាមេរិក និងបង្ហាញក្តីរីករាយ និងនឹករលឹកផងដែរចំពោះពួកគាត់។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ខ្មែរនៅអាមេរិក ដែលតែងបានចូលរួមផ្សព្វផ្សាយបង្ហាញនូវតថភាពពិតពីបញ្ហានៅក្នុងសង្គមខ្មែរ និងតែងផ្តល់តម្លៃដល់កិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។

    បន្ថែមពីក្រុមអ្នកវិភាគបញ្ហាសង្គមទាំង១០នាក់ ក៏មានផងដែរបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា អញ្ជើញមកស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន នៅកន្លែងស្នាក់នៅ ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយបងប្អូនខ្មែរអាមេរិកាំងនៅ Willard intercontinental hotel, Washington DC , លើទឺកដីសហរដ្ឋអាមេរិកនេះ។

    ក្នុងជំនួបនៅអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ និងផ្តល់ព័ត៌មាននានា ដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងខ្មែរនៅក្រៅប្រទេស និងខ្មែរនៅក្នុងស្រុក មានភាពជិតស្និទ្ធ និងល្អប្រសើរជាមួយគ្នា។

    តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយ សហគមន៍ខ្មែរប្រមាណ ១ពាន់នាក់ រស់នៅសហរដ្ឋអាមេរិក៕

    អត្ថបទទាក់ទង