សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវបន្ថែមទៀតឲ្យមានការចូលរួមប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល ចូលរួមឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត នូវចលនាប្រឡងប្រណាំង«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាបន្តជាគោលដៅទេសចរណ៍ប្រកបដោយគុណភាប ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម កម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ និងភាពកក់ក្តៅ។
តាមរយៈសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី៩ក្រោមវិធានបទ«ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងថា ការប្រារព្ឋទិវាទីក្រុងស្អាត បានឆ្លុងបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងតែប្រាថ្នាចង់រស់នៅទីក្រុងប្រកបដោយភាពវៃឆ្លាត និងមាន«ភាពស្អាត និងបៃតង» យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខសុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅរបស់ពួកគាត់។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា«ស្អាត» ដែលនេះជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់យើងក្នុងបរិបទ មុននិងក្រោយជំងឺឆ្លងមេរោគកូវីដ១៩។ ក្នុងន័យនេះ«ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ងាញ់ពិសារជាដើម។
យ៉ាងណាក៏ដោយតាមរយៈសាលិខិតនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឈគ្រប់ព្រះអង្គ លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្រ្តីរាជកា បុគ្គលិក ក្រុមហ៊ុនឯកជន រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ឲ្យបានផុសផុលដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិសក្តិសមនឹងកិត្តិនាមប្រទេសកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈនោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែនក៏បានសង្ឈឹមជឿជាក់យ៉ាងម៉ុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះផងដែរ៕