សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការជូននាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា
ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ទទួលបដិសណ្ឋារកិច្ចផ្លូវការជូនចំពោះឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ថ្ងៃ។
ពិធីបដិសណ្ឋារកិច្ចផ្លូវការដោយមានពិធីត្រួតពលផងនោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោយមានការអញ្ជើញចូលរួមពីបណ្ដាអង្គទូតនានានៅព្រះរាជាណាចក្រកម្ពុជា , មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូនៃសាធារណរដ្ឋគុយបាជាច្រើនរូប។
បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន បានជំនួបពិភាក្សាការងារទ្វេរភាគី ជាមួយ នាយករដ្ឋមន្ត្រីគុយបាផងដែរ។ នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម នាយករដ្ឋមន្ត្រីគុយបា បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហាពិភពលោកផង។ ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដីជាទីបំផុតសម្រាប់ឯកឧត្តម និងប្រតិភូមកកាន់កម្ពុជា ។
ឯកឧត្តម ម៉ានូអែល គោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅនៅប្រទេសគុយបា ដែលរួមមាន៖ ស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩, ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅប្រទេសគុយបា។ ឯកឧត្តម ក៏បានសំដែងនៅឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនងដែលមានស្រាប់, ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះរួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ក្នុងជំនួបនេះឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន ៦ពាន់តោន ដល់ប្រទេសគុយបាផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ហើយសម្ដេច ក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀតដែលជារួមមាន៖ វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុត គឺនៅពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដល់កម្ពុជា។
បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន០២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ដែលឯកសារចំនួន០២នោះ រួមមាន:
១- កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំ ២០២២ ដល់ ២០២៧។
២- កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិ កីឡា អប់រំ កាយ និងកម្សាន្ដនៃសាធារណរដ្ឋគុយបា។
នាល្ងាចថ្ងៃដដែរនេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។
តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋគុយបា នាពេលនេះ នឹងបានបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចសង្គម ,អប់រំ សុខាភិបាល និងវប្បធម៌ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ៕