ព្រះមហាក្សត្រមានជំនឿមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាភាពមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៍ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជសុន្ទរកថាបែបនេះ ក្នុងឱកាស ព្រះអង្គទ្រង់ ធ្វើជាព្រះរាជធិបតីដ៏ខ្ពស់ខ្ពស់បំផុត បើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់មានព្រះរាជសុន្ទរកថាថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជា ត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌៤ គឺ មេត្ត ករុណា មុទិតា និងឧបេក្ខា។
ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។
ព្រះករុណា ព្រះមហាក្សត្រ ទ្រង់សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសម្ដែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈ និងជំនឿទុកចិត្ត តាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។
ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៥៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។
ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។
ព្រះអង្គទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសជាតិមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់បានប្រសិទ្ធពរ ដល់រដ្ឋសភានីតិកាលទី៧ មានដំណើរ ការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល៕