គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក ចូ បៃឌិន សង្ឃឹមថាទំនាក់ទំនងអាស៊ាន-អាមេរិកនឹងកាន់តែរីកចម្រើន ក្រោមភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២​ |
    លោក ចូ បៃឌិន សង្ឃឹមថាទំនាក់ទំនងអាស៊ាន-អាមេរិកនឹងកាន់តែរីកចម្រើន ក្រោមភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា លោក ចូ បៃឌិន សង្ឃឹមថាទំនាក់ទំនងអាស៊ាន-អាមេរិកនឹងកាន់តែរីកចម្រើន ក្រោមភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា

    ភ្នំពេញ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន (Joe Biden) បានលើកឡើងថា​ ក្រោម​ភាព​ជា​ប្រធាន​អាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថាទំនាក់ទំនងអាស៊ាន-សហរដ្ឋ​អាមេរិក​នឹង​កាន់​តែ​រីក​ចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។ នេះ​បើយោង​តាម​លិខិត​របស់​លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើជូនសម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​។

    តាមរយៈសារលិខិតនេះ លោក​ ចូ បៃឌិន​ បញ្ជាក់ថា​ រដ្ឋបាលរបស់លោក ទន្ទឹងរង់ចាំធ្វើការ​ជាមួយ​កម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ លោកបៃឌិន បន្តថា​ សហរដ្ឋ​អាមេរិក​​គាំទ្រ​មជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់​ដែលមាន​អាស៊ាន​ជាស្នូល និង​ដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

    លោក ចូ បៃឌិន បានបញ្ជាក់ពីការតាំងចិត្តរបស់លោក តាមរយៈ​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​សម្រប​​សម្រួល​ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការអញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួម​កិច្ច​ប្រជុំ​កំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះ។

    លោក ចូបៃឌិន បានគូសបញ្ជាក់ដែរថា លោកសរសេរលិខិតនេះ គឺចង់ទាក់ទង​ទៅ​សម្ដេច​តេជោនា​យករដ្ឋមន្ត្រី ដោយផ្ទាល់​ ​ដើម្បីបញ្ជាក់ពី​ការរង់​ចាំ​ស្វាគមន៍​សម្ដេច​អញ្ជើញ​ទៅ​កាន់​រដ្ឋធានីវ៉ាស៊ីនតោន នៅឱកាសដ័ឆាប់ខាងមុខ។

    ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតទៅលោក ចូ បៃឌិនវិញ ដោយសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក ចូ បៃឌិន ដែលអញ្ជើញសម្ដេច និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោង​ធ្វើ​នៅ​ប៉ុន្មាន​ខែខាងមុខនេះ  និងបំណងប្រាថ្នារបស់លោកបៃឌិនក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក បន្ថែមទៀតក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។

    សម្ដេចតេជោ ហ៊ុន​ សែន​ បានបញ្ជាក់សារជាថ្មីថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២​នេះ សម្ដេចប្ដេជ្ញា និងគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ សម្ដេចតេជោ មានជំនឿថា កិច្ចប្រជុំ​កំពូលនេះ នឹងផ្ដល់នូវកាលានុវត្តភាពល្អមួយសម្រាប់ផ្លាស់ប្ដូរយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណា ដើម្បី​ឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចម្រើនទៅមុខបន្ថែមទៀត​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង