សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាង ទៅទីក្រុងប៉េកាំង ប្រទេសចិន
ភ្នំពេញ៖ នៅព្រឹកទី៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
សម្ដេចតេជោ ថ្វាយព្រះពរព្រះអង្គទាំងទ្វេ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ
ក្នុងឱកាសការថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែនេះដែរ ក៏ឃើញមានការចូលរួមពីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកអគ្គរាជទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ៕