លទ្ធផលតេស្តលើកទី៣ សម្រាប់សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានក្រសួងសុខាភិបាលយកសំណាកទៅ ធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ ជាលទ្ធផលគឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។
តាមរយៈហ្វេសប៊ុកសម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រូបសម្ដេចផ្ទាល់ និងភរិយា រួមនឹងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់សម្ដេច ចំនួន ២០១សំណាកត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា ទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកចុងក្រោយនេះ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់សម្ដេចរួមនឹងក្រុមគ្រួសារសម្ដេចទាំងអស់គ្នា តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរខ្ពស់ចំពោះស្មារតីសហការខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្ញុំ និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។
សម្ដេចក្រឡាហោម បានអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ ដោយសារព្រឹត្តិកាណ៍សហគមន៍២៨វិច្ឆិកា មិនទាន់បានបញ្ចប់នៅឡើយ និងសូមជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ១៩៕