គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅប្រទេស​មីយ៉ាន់ម៉ាហើយ នៅព្រឹកនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅប្រទេស​មីយ៉ាន់ម៉ាហើយ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន​ សែន​ អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅប្រទេស​មីយ៉ាន់ម៉ាហើយ នៅព្រឹកនេះ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅព្រឹកថ្ងៃ ទី០៧ ខែមករា ឆ្នាំ២០២២នេះ បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេសកម្ពុជាហើយ ដើម្បី​បំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែល​ជា​ប្រទេស​សមាជិ​កអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។ ក្នុង​ដំណើរ​ទស្សនកិច្ច​​នេះ សម្តេចតេជោ ក៏បាន​នាំទៅ​ជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

    ដំណើរអញ្ជើញទៅកាន់មីយ៉ាន់ម៉ានេះ គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

    វត្តមានរបស់សម្តេច២ថ្ងៃ ទៅកាន់មីយ៉ាន់ម៉ាពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា អមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

    ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមាន ជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរ ទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។

    គួរបញ្ជាក់ថា ក្នុងឋានៈជាប្រធានអាស៊ានទៅកាន់មីយ៉ាន់ម៉ានេះ សម្តេចធ្លាប់មាន ប្រសាសន៍ហើយថា សភាពការណ៍នៅមីយ៉ាន់ម៉ាមិនសាមញ្ញទេ ដូច្នេះសម្តេចត្រូវតែធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយថ្មីៗនេះ សម្តេចក៏បញ្ជាក់អះអាងថា ការដែលសម្តេចទៅចូលរួមជួយសម្របសម្រួល ផ្សះផ្សាមីយ៉ាន់ម៉ានេះ គឺមិនឃ្លាតឆ្ងាយ ពីកុងសុងស៊ីស៥ ចំណុច ដែលអាស៊ានបានឯកភាពគ្នានៅហ្សាការតាកាលពីខែមេសាឆ្នាំ២០២១នោះទេ ។ កុងសុងស៊ីស៥ចំណុចនោះចំណុចទី១គឺការអត់ធ្មត់ បញ្ឈប់ហិង្សា។

    សម្ដេចបានមានប្រសាសន៍ថា អ្នកវិភាគខ្លះបានលើកឡើងថាតើការទៅមីយ៉ាន់ម៉ានេះជាការទៅ ដើម្បីដោះស្រាយបញ្ហាដែលជាពរជ័យ ឬជាបណ្ដាសា ?ហើយខ្លះទៀតថា ប្រធានអាស៊ានមានការដោះស្រាយគ្រប់រឿងទាំងអស់ជំនួសឲ្យប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសនានាទាំង១០ ។ ប៉ុន្តែទោះជាយ៉ាងណាសម្ដេចថា សម្ដេចធ្លាប់និយាយហើយថា សុំកុំទុក ចិត្តលើប្រធានអាស៊ានពេក តែកុំអាលបន្ទោសប្រធានអាស៊ានអី ! គឺរង់ចាំមើល សិនទៅ។សម្តេចបន្តថា  ការដែលសម្ដេចទៅនេះ អត់ មានឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុច​ដែលបានឯកភាពគ្នានៅហ្សាការតា កាលពីខែមេសាឆ្នាំ ២០២១នោះទេ។ ប៉ុន្តែសម្ដេចមិនដាក់លក្ខខណ្ឌទុកជាមុនក្នុងដំណើររបស់សម្ដេចទៅនោះឡើយ ។ ការដែលសម្តេចទៅនេះ គឺ ជា ការជជែកក្នុង កុងសង់ស៊ីស ៥ ចំណុច នេះ ឯង ។ សម្ដេច ក៏បាន ចោទសួរទៅប្រជាជនមីយ៉ាន់ម៉ាថា អ៊ីចឹងទេ បងប្អូនប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា តើអ្នកចង់ឲ្យប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ឬក៏ចង់ដោះស្រាយ?

    ការដោះស្រាយនេះ គឺតួនាទីត្រូវបានផ្ដល់មកឱ្យបណ្ដាប្រទេសអាស៊ាន ហើយអាស៊ានបាន ឯកភាពគ្នា រាប់ ទាំងមីយ៉ាន់ម៉ាខ្លួនឯងក៏បានព្រមព្រៀងលើកុងសង់ស៊ីស៥ចំណុចនេះហើយដែរ ប៉ុន្តែមិនទាន់បានអនុវត្ត។

    ប្រទេសនានានៅក្រៅតំបន់ក៏មានការព្រមព្រៀងក្នុងការផ្ដល់តួនាទីនេះសម្រាប់អាស៊ាន រាប់ទាំងការផ្ដល់ជំនួយមនុស្សធម៌ផងដែរ។អ៊ីចឹងទេ ការដែលសម្ដេចទៅនេះ គោលបំណងគឺគ្មានប្រយោជន៍អ្វីទេ ដោយសម្តេចថាប្រទេសកម្ពុជាតូច ជាងប្រទេសមីយ៉ាន់ម៉ាច្រើនដង ហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង តែយើងចង់ជួយសម្រួល សភាពការណ៍ទាំងឡាយដើម្បីបញ្ឈប់ហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    សូមបញ្ជាក់ថា ក្នុងដំណើរដ៏មានសារៈសំខាន់ទៅកាន់មីយ៉ាន់ម៉ានាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំយកទៅជាមួយនូវជំនួយជាលើកទី៣ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។

    ជំនួយដែលសម្តេចតេជោនឹងប្រគល់ជូនមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន, របាំងការពារមុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។

    នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះ កំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរ ក្រោយមានរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជី ចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១៕

    អត្ថបទទាក់ទង