សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្តារ និងការលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងមួយទសវត្សរ៍ចុងក្រោយវិស័យទេសចរណ៍នៅកម្ពុជា រីកលូតលាស់គួរឱ្យកត់សម្គាល់ តែជាអកុសលការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំចុងក្រោយ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ ១០ជុំ និងវិធានការផ្សេងៗទៀតនៅឆ្នាំ២០២២។ កម្ពុជាជាប្រទេសដំបូងគេ ដែលបានបើកទ្វារ និងកាត់បន្ថយរបាំងនៃការធ្វើដំណើររបស់អ្នកទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង គឺជាចំណែកដ៏ធំក្នុងការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩។ សម្តេចតេជោ បានបន្តទៀតថា ចលនាទេសចរណ៍ផ្ទៃក្នុង នឹងផ្តល់ឱកាសឱ្យពលរដ្ឋបានស្គាល់ស្រុកទេស និងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាសំណាងរបស់ពិភពលោក ដែលប្រព័ន្ធឌីជីថល ដើរលឿនមុនកូវីដ-១៩ មួយជំហាន បើមិនដូច្នោះទេ ពិភពលោក នឹងកាត់ដាច់ពីគ្នាជាកង់ៗ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា បានរួមចំណែកដោះស្រាយវិបត្តិជំងឺកូវីដ-១៩។ សម្តេចតេជោក៏បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណេត ឱ្យពង្រឹងលើសេវាអ៉ីនធើណេតមានភាពល្អប្រសើរ។