សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ ឈ្នះ ជាឱសថទិព្វ ធ្វើឲ្យកម្ពុជាបានបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨
បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានមានប្រសាសន៍លើកឡើងថា នយោបាយឈ្នះ ឈ្នះ ជាឱសថទិព្វ ដែលធ្វើឲ្យកម្ពុជាដែលមានសង្គ្រាម មិនចេះចប់ មិនចេះហើយ រាប់រយឆ្នាំ បានបញ្ចប់នៅក្នុងឆ្នាំ១៩៩៨ និងបានកែប្រែតំបន់សង្គ្រាម តំបន់ព្រំដែន ក្លាយជាតំបន់អភិវឌ្ឍ។
សម្ដេចតេជោលើកឡើងដូច្នេះ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
សម្ដេចតេជោបានបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ ឈ្នះ នេះ យើងប្រែក្លាយតំបន់សមភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍ និងទិសដៅមួយទៀត ប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែន មិត្ដភាព-សន្ដិភាព មិត្ដភាព-សហប្រតិបត្ដិការ និងការអភិវឌ្ឍន៍។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា តំបន់វាយគ្នាទាំងអស់កំពុងត្រូវបានអភិវឌ្ឍ នៅសល់តិចតួចណាស់ ដែលមិនទាន់បានអភិវឌ្ឍ ដោយសារកន្លែងនោះនៅសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាពិធីរម្លឹក នៃការបញ្ចប់សង្គ្រាម និងការឯកភាពទឹកដី៕