គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា​-ហ្វីលីពីន ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០​ |
    មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា​-ហ្វីលីពីន ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា​-ហ្វីលីពីន ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

    ភ្នំពេញ​៖ ក្នុង​ជំនួប​រវាង​កាលពី​ល្ងាច​ថ្ងៃទី​២៩​កញ្ញា​ម្សិលមិញ ​តាម​ប្រព័ន្ធវីដេអូ Conference ឧត្ដម​សេនីយ៍​ឯក ហ៊ុ​ន ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកង​យោធពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើងគោក​កម្ពុជា និង​ឧត្តម​សេនីយ៍​ឯក​ CIRILITO E. SOBEJANA មេបញ្ជាការ​កង​ទ័ព​ជើង​គោកហ្វីលីពីន បាន​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និ​ង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​។

    ជំនួប​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​ប្រទេសទាំងពីរ​កម្ពុជា​-ហ្វីលីពីន ធ្វើឡើង​ដើម្បី​រក្សា​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​កងទ័​ព​ជើង​គោក ​នៃ​ប្រទេសទាំ​ង​ពីរ​កម្ពុជា​-ហ្វីលីពីន​ ជា​ពិសេស​ក្នុង​ស្ថាន​ភាព​លំបាក ​ដែល​បង្កឡើងដោយ​ជំងឺ​កូវីដ​-១៩ ​នេះ។​

    ក្នុង​ជំនួប​នេះ ​ឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA បានលើកឡើងថា កងទ័ពជើងគោកហ្វីលីពីនត្រៀមខ្លួនជានិច្ចនៅក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងផ្នែកនានាជាច្រើនដែលជាផលប្រយោជន៍រួម ដែលអាចមានដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចរបស់នាយទាហានរង ជាដើម។

    ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះទស្សនវិស័យនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់បន្ថែមថា ក្នុងចំណោមអាទិភាពនានា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ តែងបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្បែរខាងក្នុងតំបន់អាស៊ាន ដោយរួមទាំងកងទ័ពជើងគោកហ្វីលីពីនផងដែរ។

    អនុលោម​តាមស្មារតីនៃអនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងការពារជាតិកម្ពុជា-ហ្វីលីពីន កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងប្រកបដោយសក្តានុពល ដែលអាចមានវិសាលភាពទូលំទូលាយ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

    ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាអំពីវិធីសាស្ត្រផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តរបៀបរបបការងារថ្មី ស្របតាមបរិបទថ្មីនៃជំងឺនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងៗទៀតអាចដំណើរការទៅបានជាធម្មតា ដោយទាំងនេះ សុទ្ធសឹងជាមេរៀនដ៏ល្អសម្រាប់ការដកពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក។

    ថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរ ក៏បានកត់សម្គាល់អំពីភាពសំខាន់ចាំបាច់នៃនិរន្តរភាពនៃសន្តិភាព និងស្ថិរភាព ដើម្បីភាពសុខសាន្តរបស់ជាតិ និងប្រជាជន ក៏ដូចជាសម្រាប់តំបន់ទាំងមូល និងបានឯកភាពគ្នាបន្តជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាពិសេសការខិតខំពិនិត្យលទ្ធភាពក្នុងការសម្រេចឱ្យបាននូវការចុះអនុស្សារណៈនៃការយោគយល់ (MOU) រវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីនក្នុងពេលឆាប់ៗខាងមុខនេះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង