[វីដេអូ] សម្តេចតេជោ ហ៊ុន សែន សម្រេចទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីគ្រប់ប្រភពដោយមិនរង់ចាំតទៅទៀតទេ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីបណ្តាប្រទេសជាច្រើន មិនមែនតែប្រទេសចិននោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពីមុនសម្តេចបានប្រកាសថាទទួលយកតែវ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថាប្រទេសមួយចំនួនបានផលិតវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋរបស់គេ និងលក់ចេញដែរនោះដូច្នេះយើងមិនអាចរង់ចាំតទៅទៀតបានទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ច្រកទ្វារដែលត្រូវរកវ៉ាក់សាំងគឺមាន៣ច្រក៖ ទី១ ច្រកស្ថាប័នកូវ៉ាក់ក្រោមការគ្រប់គ្រងរបស់អង្គការសុខភាពពិភពលោក, ទី២ ច្រកការចរចាដោយផ្ទាល់ជាមួយដៃគូរបស់យើង និងទី៣ ការចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនតែម្ដង។
សម្ដេចបានប្រកាសថា នៅពេលដែលវ៉ាក់សាំងមកសម្ដេចនឹងទៅទទួលដោយផ្ទាល់ ហើយដូសទី១នៃវ៉ាក់សាំងនឹងត្រូវបានចាក់លើរូបសម្ដេចនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីនោះសម្ដេចនឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជាសារទៅសហគមន៍ជាតិអន្តរជាតិ ក៏ដូចជាការជឿជាក់សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោបានបញ្ជាក់ដែរថា បន្ទាប់ពីទទួលបានវ៉ាក់សាំងពីមិត្តចិន សម្ដេចរំពឹងថា នឹងចាក់ជូនពលរដ្ឋអោយបាន ៥០ម៉ឺននាក់នៅមុនចូលឆ្នាំខ្មែរ៕
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោខាងក្រោម៖