គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ស្ពានអាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​០២​បន្ថែមទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ស្ពានអាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​០២​បន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ស្ពានអាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​០២​បន្ថែមទៀត

    ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន ០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

    ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដី​ខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយ​មហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។

    ស្ពាន​អាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយ​ចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះ​ស្ពាន​អាកាស​ចំណុច​ប្រសព្វ​មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។

    ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយ​មហាវិថី​សម្ដេច​ចៅ​ហ្វាវាំង​វរវៀង​ជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយ​ពេល​សាងសង់ ១៦ខែ។

    សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​បើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ។ នៅថ្ងៃនេះ សម្តេចតេជោ​បាន​សម្រេច​ដាក់​ឈ្មោះ​ឱ្យ​ស្ពាន​អាកាស​ចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីក​​ង​​យោធ​ពលខេមរភូមិន្ទ​ថា «ស្ពានអាកាសព្រះមុនីវង្ស» រីឯស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថី​សហព័ន្ធរុស្ស៉ីបានដាក់ឈ្មោះថា «ស្ពានអាកាសគង់សំអុល»។

    សម្តេចតេជោ​នាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា កាលពីទសវត្សរ៍៨០ និង៩០ តម្រូវការ​របស់​ប្រជាពលរដ្ឋខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹម​ជា​ស្បៀង​អាហារ​តែប៉ុ​ណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋ​មិន​មែន​ខ្វះ​ស្បៀងអា​ហារ​ទៀត​នោះ​ទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរវិញ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសនថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន​អាកាស​ក្នុង​រាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យក​លុយ​ចំណូល​ពី​ការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាថា រហូតពេលបច្ចុប្បន្នររាជធានីភ្នំពេញ បានចំណាយ​លើ​ការ​សាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លាន​ដុល្លារ​អាមេរិ​ក​ហើយ ។នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បង្ហើប ថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​បង្កើតក្រុងល្វាឯមនាពេលខាងមុខផងដែរ។

    ទាក់ទងទៅ​នឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោល​ការងារ​នោះ​ សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ និងសូម​កុំ​ឱ្យដាក់​ពាក្យ​បណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ លោក ខឹម វាសនា។ សម្តេចតេជោបានមានប្រសាសន៍អោយដឹងថា បំណង លោក ខឹម វាសនា ចង់​បាន​ការ​ប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។ សម្តេចតេជោបានថ្លែងថា ភ្លាមៗ​សម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ លោកខឹម វាសនា នោះឡើយ​។ ទោះជាយ៉ាងណាក៏ដោយសម្តេចតេជោបានថ្លែងថា លោក ខឹម វាសនា អត់បាន​អំពាវ​នាវ​អោយប្រជាពលរដ្ឋងើបប៉ះបោរដល់រាជរដ្ឋាភិបាល ឬឱ្យបរទេស​កាត់​ជំនួយ​ពី​កម្ពុជា​នោះ​ឡើយ​។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ លោក​ខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ ទី១ ត្រូវការពារ​សន្តិសុខ​ឱ្យ​បាន​កុំ​ឱ្យបាត​ដៃ​ទី៣ ឆ្លៀតប្រើបង្កើតរឿងផ្សេងៗ និងទី២ ដាច់​ខាត​មិ​ន​ឱ្យ​ទៅ​ដណ្តើម​ដី​នៅ​រុនតាឯក​នោះ​ទេ​។​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដីនៅរុនតាឯក​អត់​មាន​ត្រូវ​បែក​ចែក​ឱ្យ​អ្នក​គាំទ្រ ខឹម វាសនា នោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើ ខឹម វាសនា ចិត្តល្អ​គួ​រ​បែង​ចែក​ដី​ចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ​សមិទ្ធ​ផល​ស្ពាន​អាកាសចំ​នួន​ពីរ​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ និងចុងបញ្ចប់​សម្តេច​តេជោក៏​បាន​អញ្ជើញ​ចុច​ប៊ូតុង​បើក​ការដ្ឋាន​ការ​សាង​សង់​ស្ពានអា​កាស​ចំនួនពីរចាប់ពីពេលនេះតទៅ៕

    អត្ថបទទាក់ទង