គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ចូលរួមអ​បអរសាទរ​ថ្ងៃ​ជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) យ៉ាងមហោឡារិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣​ |
    សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ចូលរួមអ​បអរសាទរ​ថ្ងៃ​ជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) យ៉ាងមហោឡារិក សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ចូលរួមអ​បអរសាទរ​ថ្ងៃ​ជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) យ៉ាងមហោឡារិក

    នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។

    ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ មុននឹងអញ្ជើញថ្លែងនូវសុន្ទកថា សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្វាយព្រះពរចំពោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសំរាប់កូនចៅ គ្រប់ៗជំនាន់។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច នានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩។

    សម្តេចតេជោបានមានប្រសាសន៍ទៀតថា វិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣។ ព្រមជាមួយនេះ ជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃ ទំនិញជាសាកល និងប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានាបានទាន់ពេល។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងទៀតថា នៅឆ្នាំ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់ប្រៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍ របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។ ដោយឡែក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់២០០ដុល្លារ រួមទាំងការបន្តទទួលបាន អត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល។

    សម្តេចតេជោបានប្រសាសន៍ថា ពេលនេះ យើងបានឈានចូលឆ្នាំ២០២៣ហើយ ដែលជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ នៅក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។ ពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ» បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើក នៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផល គ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា និងប្រឆាំងដាច់ខាត ចំពោះការឈ្លានពាននូវរដ្ឋអធិបតេយ្យ ដោយប្រើកម្លាំង ឬការគំរាមកំហែងដោយប្រើកម្លាំង។ឆ្លងតាមបទពិសោធន៍អតីតកាល សម្រាប់កម្ពុជា គឺនៅតែរក្សាទស្សនទានថា មានតែការចរចាទេទើបបញ្ចប់សង្គ្រាមបាន ពោលមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រែប្រួលដ៏ស្មុគស្មាញ តានតឹងនៃសភាពការណ៍សកលលោកបច្ចុប្បន្ននេះ ដែលបណ្តាលមកពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចធំៗ ដែលបានធ្វើឲ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ជាសាកលនោះ សម្តេចសូមយកឱកាសនេះបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលជាប្រទេសដ៏សកម្មមួយ នៃអង្គការសហប្រជាជាតិ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងការពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌ និងបើកចំហ ដើម្បីធានាដល់ការកសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។

    សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន, ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ, និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូ និងប្រទេសជាមិត្តទាំងអស់ ដែលកន្លងមកតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការ និងបានផ្តល់នូវជំនួយផ្សេងៗដល់កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋត្រូវរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយអោយបាននៅគង់វង្សស្ថិតស្ថិរដើម្បីជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ជំនាន់។ មុននឹងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រគេនពរដល់ព្រះសង្ឈ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខចម្រើន៕

    អត្ថបទទាក់ទង