គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ យាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    ព្រះមហាក្សត្រ យាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព ព្រះមហាក្សត្រ យាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រឡប់មកកាន់មាតុភូមិវិញហើយ បន្ទាប់ពីបានបញ្ចប់ព្រះរាជបេសកកម្ម នៅប្រទេសបារាំង រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

    សូមជម្រាបជូនថា កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងតបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកា នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ដើម្បីទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។

    សូមរម្លឹកថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និង រដ្ឋាភិបាលជា ច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហឫទ័យថ្លែងព្រះរាជ សុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផល សំខាន់ៗនៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។

    ក្នុងឱកាសបំពេញព្រះរាជបេសកកម្ម ព្រះករុណា ព្រះមហាក្សត្រ បានស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

    ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ  នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌ ពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១៕

    អត្ថបទទាក់ទង