សម្ដេចតេជោ ហ៊ុន សែន ចាត់ឲ្យសម្ដេច ទៀ បាញ់ នាំម៉ាស ២លានម៉ាស និងបរិក្ខាពេទ្យមួយចំនួន ជូននាយកដ្ឋមន្ត្រីឡាវ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះ បានប្រកាសចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើមសប្តាហ៍ក្រោយនេះ។
សម្តេចតេជោបានបញ្ជាក់ថា ការនាំយកអំណោយជូនដល់មិត្តឡាវនេះ គឺដើម្បីឆ្លើយនឹងការព្រួយបារម្ភរបស់នាយករដ្ឋមន្ត្រីឡាវ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាសមាណចិត្តដែលកម្ពុជាតែងតែធ្វើកន្លងមក ចំពោះមិត្តភក្តិក្បែរខាង។
នៅក្នុងដំណើរនាំយកអំណោយម៉ាសចំនួន ២លាន និងបរិក្ខារពេទ្យសរុបចំនួន១១មុខ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏មានការអមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលផង។
យោងតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្ត្រីឡាវ នៅរាត្រីថ្ងៃទី១៤ ខែវិច្ឆិកាមានខ្លឹមសារថា តាងនាម នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្ដេចតេជោមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា។
គួរបញ្ជាក់ថា ជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្របម្រើឲ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកម្ពុជាផ្តល់ជូនប្រទេសឡាវរួមមាន៖ ម៉ាស ២លាន, ម៉ាស N95 ២ម៉ឺន, វែនតាសុវត្ថិភាព ២ម៉ឺន, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល ២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ៥០០គ្រឿង, របាំងមុខ ២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម ២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារៈបន្ទាប់បន្សំ ២០កំប្លេ, ម្សៅថ្នាំក្លរ៉ាមីនប្រភេទប៊ី ៥០០កេះ ក្នុងមួយកេះ ២៥គីឡូក្រាម, ស្បែកជើងកវែងសុវត្ថិភាព ១០០០ និងសាប៊ូលាងដៃ ២០០០។ របស់ទាំងនេះនឹងធ្វើការដឹកជញ្ជូនទៅទីក្រុងវៀងច័ន្ទ តាមយន្តហោះពិសេស នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០៕