រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិការលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិការលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីផ្ដល់ការប្រឹក្សាយោបល់ និងតម្រង់ទិសការងារដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ-១៩។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមការងារដឹកនាំ និងប្រតិបត្តិការលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩នេះ មានរចនាសម្ព័ន្ធ និងសមាសភាពដូចតទៅ៖
១. ក្រុមប្រឹក្សានាយក រួមមាន លោកជំទាវ ឱវណ្ណឌីន ជាប្រធាន, លោកជំទាវវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ជាអនុប្រធាន និងសមាជិកចំនួន ០៣នាក់ទៀត។
២. ក្រុមការងារប្រតិបត្តិការលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ រួមមាន លោកបណ្ឌិត លាង ឬទ្ធា ជាប្រធាន, លោកសាស្ត្រាចារ្យរង អ៊ា ប៉ និងលោកបណ្ឌិត បូរី សុថ្ថាវីរៈ ជាអនុប្រធាន និងមានសមាជិកចំនួន ០៦នាក់ទៀត។
ក្រុមការងារដឹកនាំ និងប្រតិបត្តិការលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ មានភារកិច្ច៖
- ផ្ដល់ប្រឹក្សាយោបល់ និងតម្រង់ទិសការងារដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ១៩
- ផ្ដល់ប្រឹក្សាយោបល់លើពិធីសារសិក្សា និងវាយតម្លៃ ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩
- បង្កើតពិធីសារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ រួមមានរៀបចំវិធីសាស្ត្រឧបករណ៍ប្រមូល-វិភាគទិន្នន័យសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩
- ដឹកនាំ និងសម្របសម្រួលការងារសិក្សានិងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩
- អនុវត្តការងារផ្សេងទៀត តាមការរប្រគល់ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សានាយក។