សម្ដេចតេជោ សម្រេចលែងបន្តប្ដឹងទៀតទេ ដោយសារលោក គង់ គាំ និងភរិយា ផ្ដិតមេដៃប្រគល់ដី និងផ្ទះជូនរដ្ឋវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនបន្តប្តឹងលោក គង់ គាំ ទៀតឡើយ បន្ទាប់ពីលោក គង់ គាំ និងភរិយាផ្ដិតមេដៃយល់ព្រមប្រគល់ដីជាកម្មសិទ្ធិរបស់ក្រសួងការបរទេសត្រឡប់មកវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី១២មករាម្សិលមិញយ៉ាងដូច្នេះ «ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបានលោក គង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និង គ្រួសាររយៈពេល ៣ម៉ោងកន្លះ»។
សម្តេចតេជោបន្តថា «កុំឱ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ»។
សូមបញ្ជាក់ថា នៅមុនសម្តេចតេជោបង្ហោះប៉ុន្មាននាទី លោក គង់ គាំ បានជូនព័ត៌មានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ព្រមប្រគល់ដី និងផ្ទះ ខ្លួនកំពុងស្នាក់នៅ ជូនទៅក្រសួងការបរទេសវិញ។
លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។ ក្នុងលិខិតនេះ លោក គង់ គាំ បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់លោក។
សូមបញ្ជាក់ថា ដីដែលលោក គង់ គាំ កំពុងរស់នៅ ហើយប្រកាសប្រគល់ឱ្យរដ្ឋវិញនៅពេលនេះ គឺជាដីកម្មសិទ្ធិក្រសួងការបរទេស ហើយត្រូវបានលោកចូលមករស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស៕