សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពកើតឡើងរយៈពេលជាង ៤៣ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ត្បូងឃ្មុំ៖ ថ្លែងនៅឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួប៤៥ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សន្តិភាព បានកើតឡើងរយៈពេលជា៤៣ឆ្នាំមកហើយ ក្រោយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា រយៈពេល ៤៣ឆ្នាំមកនេះ កម្ពុជាបានធ្វើកិច្ចការជាច្រើនជាមួយវៀតណាម ក្នុងនោះសម្រេចការបោះបបង្គោលព្រំដែន ៨៤ភាគរយ ខណៈដែលចំណុចសេសសល់ ១៦ភាគរយទៀត កំពុងដំណើរការជាបន្តបន្ទាប់ ដោយឈរលើទស្សនវិស័យព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា «កម្ពុជាមិនអាចឱ្យបាត់បង់ទឹកដីចូលទៅកាន់ប្រទេសវៀតណាម ហើយវៀតណាម ក៏មិនចង់បានទឹកដីកម្ពុជាដូចគ្នាផងដែរ»។ កម្ពុជារក្សាឱ្យបានទឹកដី ដែលបន្សល់ទុកដោយអាណានិគមន៍និយមបារាំង។
សម្តេចតេជោបន្តថា មិនមែនតែបូរណភាពទឹកដីកម្ពុជា ជាមួយប្រទេសវៀតណាមនោះទេ ជាមួយប្រទេសក្បែរខាងផ្សេងទៀត ក៏មិនឱ្យមានការបាត់បង់ទឹកដីដូចគ្នា សូមប្រជាពលរដ្ឋស្ងប់ចិត្ត និងទុកចិត្តលើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា៕