ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ជួបជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា។
បន្ទាប់មកនៅរសៀលថ្ងៃដដែល ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងឯកឧត្តម អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។
កិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា (៣) ការតាមដានលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការវាយតម្លៃការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ ផងដែរ។