គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណបក្ស​ប្រជាជន​កម្ពុជា ​បើ​ក​សន្និបាត​​គណៈកម្មា​ធិការ​កណ្តាល​​ពិនិត្យ​​ការងារ​​​ និង​លើក​​ទិស​ដៅបន្ត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២​ |
    គណបក្ស​ប្រជាជន​កម្ពុជា ​បើ​ក​សន្និបាត​​គណៈកម្មា​ធិការ​កណ្តាល​​ពិនិត្យ​​ការងារ​​​ និង​លើក​​ទិស​ដៅបន្ត គណបក្ស​ប្រជាជន​កម្ពុជា ​បើ​ក​សន្និបាត​​គណៈកម្មា​ធិការ​កណ្តាល​​ពិនិត្យ​​ការងារ​​​ និង​លើក​​ទិស​ដៅបន្ត

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បាន​ប្រារព្ធ​សន្និបាត វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្ដាល​គណបក្ស នៅវិមាន៧មករា រយៈពេលពីរថ្ងៃនៅថ្ងៃទី១៦-​១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, អនុប្រធានគណបក្ស ៤រូប និងមាន​ការ​ចូលរួ​ម​ពី​សមាជិក​អចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួម​ទាំង​តំណាង​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​រាជ​ធានី​-ខេត្ត​ផងដែរ។ អង្គសន្និបាត បានធ្វើឡើងនាពេលនេះ ស្រប​ពេល​ដែល​គណបក្ស​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះឆ្នោ​ត​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។

     

    សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលើកឡើងថា សន្និបាត​នៅ​ពេល​នេះ បាន​បើក​ទូលាយ​ទាំង​គណៈកម្មាធិការកណ្ដាលផង និង​មន្ត្រី​នៅ​ថ្នាក់​មូល​ដ្ឋាន​មក​ចូល​រួម​ជា​មួយ​ផងដែរ។ ការ​បើកសន្និបាតនាពេលនេះ ក៏ដើ​ម្បី​ស្វែង​រក​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ស្វែង​រក​ហេតុ និង​ផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយ​នឹង​ពិភាក្សា​ពី​គោល​ដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណារាស្ត្រ នា​ឆ្នាំ​២០២៣ ពេល​ខាងមុខនេះ។

    សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានថ្លែងថា លទ្ធផល​នៃ​ការ​អនុវត្ត​ទិស​ដៅ​​គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដី​សម្រេច​ចិត្ត​នានា​របស់​ថ្នាក់​កណ្ដាល​​បាន​ធ្វើ​ឱ្យតួនាទីដឹកនាំរបស់គណបក្សកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស ហើយ​​​ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បញ្ជាក់​ថា ប្រជាជនកម្ពុជា នៅតែត្រូវ​ការ​តួនាទី​របស់​គណបក្ស​ប្រជាជន​បន្ត​ទៀត​ក្នុង​ការ​ដឹក​នាំ​កម្ពុជា​។

    សម្ដេចពញាចក្រីមានប្រសាសន៍ថា គណបក្សប្រជាជន​កម្ពុជា​ជា​គណបក្ស​ដែល​មានភាព​ត្រឹម​ត្រូវ​ខាង​​នយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធាន​មនុស្ស​ប្រកប​ដោយ​គុណធម៌ និងសមត្ថភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និង​មាន​របៀប​ធ្វើ​ការ​ងារ​ត្រឹម​ត្រូវ​។ ទាំងអស់នេះធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជា​ពិសេស​ធ្វើ​ឱ្យ​បរាជ័យ​នូវ​រាល់​ឧបាយកល​របស់​ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរ​ការ​ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

    សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្ស បានលើកឡើងថា ឆ្លង​កាត់​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បា​ន​ឆ្លុះ​បញ្ចាំង​ពី​ភាពចាស់ទុំនយោបាយ នៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ជោគជ័យនេះបានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការ​ផ្ដល់​យុត្តិធម៌​ពី​ប្រជាជនដល់គណបក្ស។

    សម្ដេចវិបុលសេនាភក្ដី បានបញ្ជាក់ថា យើងមិនត្រូវមានមោទនភាពពេក ចំពោះ​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្ត​ធ្វើ​សកម្ម​ភាព​ឥត​ថម​ថយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាង​ពង្រឹង​គណបក្ស​ទាំង​ការ​ផ្សារ​ភ្ជាប់​បម្រើ​ប្រជាជន ហើយព្យាយាមលុប​បំបាត់​នូវ​បាតុភាព​អសកម្ម​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ថ្នាំ​ង​ថ្នាក់​ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង។

    សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគណៈកម្មាធិការកណ្ដាលចំនួន ៨៦៥រូប តែមកដល់ថ្ងៃនេះ មានសមាជិក បានទទួលមរណភាព និងសុំលាឈប់ពីគណបក្ស ទៅធ្វើ​ជា​សមាជិក​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ន មាន​សមាជិក​គណៈកម្មាធិការ​កណ្ដាល​នៅ​សល់​ចំនួន ៨២៦រូប ៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង