សម្ដេចតេជោ ហ៊ុន សែន នឹងទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់» ជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ហើយពិធីប្រគល់ពានរង្វាន់សន្តិភាព«ស៊ុនហាក់» លើកទី៥ នឹងធ្វើឡើងនៅថ្ងៃទី១២កុម្ភៈ ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី០៨កុម្ភៈម្សិលមិញ។
សេចក្ដីប្រកាសបានឲ្យដឹងថា កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នឹងធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ហើយសម្តេចតេជោ នឹងធ្វើជាសហប្រធានជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន (Dr. Hak Ja Han Moon) សហស្ថាបនិក នៃសហព័ន្ធសន្តិភាពសកល (UPF) និងលោក បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនេះ នឹងរៀបចំឡើងរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងមានជំនួបជាមួយលោក មូន ចេ អ៊ីន ប្រធានាធិបតីកូរ៉េចខាងត្បូង ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់លោក បាន គី មូន អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិផងដែរ។ បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត ក៏ដូចជា ទទួលសវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀត៕