គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន​ ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីរួមចំណែក​លើក​កម្ពស់​វិស័យកីឡា និង​ការត្រៀម​ខ្លួនរៀបចំ​ព្រឹត្តិការណ៍​កីឡាធំៗ​នាពេលខាងមុខ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន​ ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីរួមចំណែក​លើក​កម្ពស់​វិស័យកីឡា និង​ការត្រៀម​ខ្លួនរៀបចំ​ព្រឹត្តិការណ៍​កីឡាធំៗ​នាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន​ ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីរួមចំណែក​លើក​កម្ពស់​វិស័យកីឡា និង​ការត្រៀម​ខ្លួនរៀបចំ​ព្រឹត្តិការណ៍​កីឡាធំៗ​នាពេលខាងមុខ

    ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើក៤១ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍៤ចំណុច ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​វិស័យ​កីឡា និងការត្រៀមខ្លួនបានល្អ ក្នុង​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាធំ​ៗនាពេលខាងមុខ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​។

    សម្ដេចតេជោ ហ៊ុន សែនបានលើកឡើងដូច្នេះថា៖ ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​វិស័យ​កីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំឱ្យទទួលបានជោគជ័យខ្ពស់ ខ្ញុំ​សូម​ផ្ដល់​ការ​លើកទឹកចិត្តដល់ចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖

    ទី១៖ នៅថ្ងៃនេះមានការចូលរួមយ៉ាងសកម្មពីប្រទេសសមាជិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យកីឡា ខ្ញុំសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឈ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។

    ទី២៖ សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

    ទី៣៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។

    ទី៤៖ ខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់ ។

    សូមជម្រាបជូនដែរថា​ នៅឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា​ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា​អាស៊ី​អាគ្នេយ៍ ដែលគេស្គាល់ថា ស៊ីហ្គេម (SEA Games)។ SEA Games គឺជាព្រឹត្តិការណ៍​ប្រកួត​​​កីឡា​ចម្រុះដែលមានការចូលរួមពីបណ្ដាប្រទេសទាំង ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍នេះ​រៀបចំឡើងដោយសហព័ន្ធកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ក្រោមការត្រួតពិនិត្យ​ពីគណៈកម្មការអូឡាំពិកអន្តរជាតិហៅកាត់ថា IOC និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីហៅកាត់ថា OCA។ ​

     

    អត្ថបទទាក់ទង