សម្ដេចតេជោ ហ៊ុន សែន ៖ ថវិកាបានពីការលក់សៀវភៅមានចំណងជើងថា «គូព្រេង មិនព្រាត់» នឹងត្រូវយកទៅសាងសង់ផ្ទះជូនអតីតយុទ្ធជន

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ដែលសៀវភៅរបស់សម្ដេចបានសរសេរមានចំណងជើងថា «គូព្រេង មិនព្រាត់» ដែលបានបកប្រែជាភាសាចិនត្រូវបានដាក់លុបបាន ១៥០០ច្បាប់ បានថវិកា ៧៥០០ដុល្លារ។ សម្ដេចបានប្រកាសថា នឹងយកថវិកាទាំងនេះ ទៅសាងសង់ផ្ទះជូនអតីតយុទ្ធជន។
តាមរយៈហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា «កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា «គូព្រេងមិនព្រាត់» ដែលបានបោះពុម្ពជា ៣ភាសាមាន ខ្មែរ អង់គ្លេស និងចិន។សម្រាប់ការបោះពុម្ពជាភាសាចិន គឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទាំងការបកប្រែទាំងការបោះពុម្ព។»
សម្ដេចតេជោបានបន្តថា ជាការគួរឱ្យភ្ញាក់ផ្អើល និងសូមកោតសរសើរដែលសៀវភៅភាសាចិនត្រូវបានដាក់លក់បាន ១៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល ៧៥០០ដុល្លារ ដែលក្នុងមួយច្បាប់តម្លៃ ៥ដុល្លារ។ សម្ដេចបានថ្លែងអំណរគុណដល់លោក ពុង ខៀវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារនេះ។ សម្ដេចប្រកាសថានឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕