គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ តភ្ជាប់ពីក្រុងតាខ្មៅ ដល់ព្រំដែនវៀតណាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ តភ្ជាប់ពីក្រុងតាខ្មៅ ដល់ព្រំដែនវៀតណាម សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ តភ្ជាប់ពីក្រុងតាខ្មៅ ដល់ព្រំដែនវៀតណាម

    កណ្ដាល៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។

    ឯកឧត្តម Park Heung-kyeong អគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានមានប្រសាសន៍អបអរ​សាទរចំពោះ សមិទ្ធផលផ្លូវជាតិលេខ២១នាពេលនេះ ដែលកើតចេញពីចំណងមិត្តភាព កម្ពុជា-កូរ៉េ។ ឯកឧត្តមបានលើកឡើងទៀតថា តាមរយៈផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសការដឹកទំនិញ និងកសិផល​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្មរ ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយ​ជា​តំបន់អភិវឌ្ឍន៍ និងរីកចម្រើន។

    សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ នាពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនៅចងចាំពីស្ថានភាពដ៏លំបាក នៃផ្លូវជាតិលេខ២១ កាលពីអតីតកាល ហើយក្រៅតែកង្វល់ពីស្ថានភាពលំបាក នៃផ្លូវជាតិលេខ២១ហើយនោះ សម្តេចតេជោក៏កង្វល់ពីការបាក់ច្រាំងនៅតាមបណ្តោយនេះផងដែរ។ តែឥឡូវនេះ បានដោះស្រាយក្តីកង្វល់នេះអស់ហើយ តាមរយៈការសាងសង់ថ្មី និងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ២១នេះ។

    សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ២១នេះ គ្រោងសម្ពោធតាំងពីអំឡុងខែមីនាឆ្នាំ២០២១មកម្លេះ ក៏ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទើបត្រូវពន្យាររហូតមកដល់ពេលនេះទើបសម្ពោធ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ២១ នេះជាផ្លូវដែលបានបម្រើយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ សម្រាប់ការផ្តល់ប្រាក់កម្ចី ក្នុងការសាងសង់ផ្លូវជាតិលេខ២១នេះ។ សមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េខាងត្បូង។

    នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្ររួចហើយ។ សម្តេចតេជោបានបង្ហាញក្តីរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ដែលទើបជាប់ឆ្នោតថ្មី នឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នេះបានសម្រេចសាងស្ពាន២កន្លែង ដោយទី១យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងស្ពាន១ ទៀតចេញជ្រោយចង្វា ទៅតំបន់អរិយក្សត្រតែម្តង។

    សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ២១នាថ្ងៃនេះ។ សម្តេចតេជោបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវជាតិលេខ២១នេះចាប់ពីពេលនេះតទៅ។

    សូមជម្រាបជូនថា ផ្លូវជាតិលេខ២១ បានសាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

    ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមានក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ខ្សែផ្លូវទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។

    ផ្លូវនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន នៅពាសពេញផ្ទៃប្រទេស ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជាជន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាព៕

    អត្ថបទទាក់ទង