គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មាធិការ​មជ្ឈិមរណសិរ្ស​មាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២​ |
    សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មាធិការ​មជ្ឈិមរណសិរ្ស​មាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មាធិការ​មជ្ឈិមរណសិរ្ស​មាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ ឯកឧត្តម ដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

    ឯកឧត្តម ដុ វ៉ាន់ចៀន បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលកន្លងមកនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។

    ឯកឧត្តម ប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ពីការរីកចម្រើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាបងប្អូននៃប្រទេសទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់ ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាសកលនេះយ៉ាងណាក្តី។ ឯកឧត្តមបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២នេះ នឹងសម្រេចបាន១២ពាន់លានដុល្លារ។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកវត្តមានរបស់គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមនាពេលនេះ បង្ហាញពីការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ពិសេសរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិវៀតណាម ឱ្យកាន់តែល្អប្រសើរថែមទៀត។

    សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងវៀតណាម ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជនជាច្រើនជំនាន់រួមគ្នាពូនជ្រុំ និងកសាងជាបន្តបន្ទាប់ ដើម្បីតម្កល់ទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង។ នៅក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះ ប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

    សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរលើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង មានជាអាទិ៍ ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ។

    ឆ្លៀតក្នុងឱកាសនោះ សម្តេចបានសម្តែងនូវការអបអរសារទរចំពោះ ការសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ សម្រាប់ដំណាក់កាលឆ្នាំ២០២០-២០២៣។ សម្តេចមានសុទិដ្ឋិនិយមថា កម្ពុជា-វៀតណាម នឹងបន្តអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ឱ្យក្លាយទៅជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិទំាងសងខាង៕

    អត្ថបទទាក់ទង