គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីថា សេដ្ឋកិច្ចកម្ពុជា មានការទាក់ទាញខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២​ |
    អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីថា សេដ្ឋកិច្ចកម្ពុជា មានការទាក់ទាញខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីថា សេដ្ឋកិច្ចកម្ពុជា មានការទាក់ទាញខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម

    ភ្នំពេញ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានលើកឡើងថា សេដ្ឋកិច្ច​កម្ពុជា​ គឺ​មាន​ការទាក់ទាញយ៉ាងខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម សម្រាប់ប្រទេស​និយាយ​ភាសាបារាំង។

    ក្នុងជំនួបនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានគោរព​ថ្លែង​អរគុណ​ចំពោះ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ លោកជំទាវបានលើកឡើងថា ក្នុងជំនួប​រវាងអ្នកវិ​និយោគ​មក​ពី២៤​ប្រទេស​ជាមួយនឹងអ្នកវិនិយោគកម្ពុជាកន្លងទៅនេះ លោកជំទាវបាន​ជម្រាប​ជូន​សម្តេច​តេជោ​ថា ជំនួបនោះគឺបានទទួលលទ្ធផលល្អប្រសើរណាស់ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយ​ក៏​មានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។

    លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានជម្រាបជូនសម្ដេចតេជោបន្តទៀតថា គោលបំណង​របស់​លោក​ជំទាវ និងប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺចង់បានកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងជានិរន្តតទៅ ហើយ​ដំណើរ​ទស្សនកិច្ចរបស់លោកជំទាវ ក៏ជាចំណុច​ចាប់ផ្ដើម​ សម្រាប់​កិច្ចសហប្រតិបត្តិការត​ទៅ​អនាគត​ផង​ដែរ។

    សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះជោគជ័យ នៃ​ជំនួប​រវាង​អ្នក​វិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្ដេចតេជោ​បាន​មានប្រសាសន៍​ថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចស្នូលនៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសយើង និងតំបន់ ដែលប្រទេសយើង និងតំបន់មានសក្តានុពល គ្រាន់តែ​យើងមិន​ទាន់​មាន​ឱកាស​នៅឡើយប៉ុណ្ណោះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា យើងគប្បីណា​រួមគ្នា​បង្កើត​ជា​ឱកាស​ ដើម្បីចាប់យកសក្តានុពលទាំងឡាយណាដែលយើងមាន មិនត្រឹមតែដើម្បីពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរប៉ុណ្ណោះនោះទេ តែសម្រាប់ជា​ទំនាក់ទំន​ង​នយោបាយដ៏ល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់​ទំនង​ល្អ​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិការយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។

    ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្តេចចង់បានគឺជំរុញការអនុវត្ត នៅកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ដំណើរ​ការ​ប្រក្រតីភាពឡើងវិញ៕

    អត្ថបទទាក់ទង