ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។
ក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា ព្រះអង្គមានហឬទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយបានប្ដូរឈ្មោះមន្ទីរពេទ្យនេះមកជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិសស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រ មានព្រះបន្ធូរកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្ដុងឧត្ដម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។
សូមជម្រាបជូនដែរថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០ម៉ឺនដុល្លារផងដែរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យ «ហ្លួងម៉ែ» ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩៕