សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋកាត់បន្ថយការជួបជុំ ដើម្បីកាត់ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ បំប្លែងខ្លួនថ្មី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការកាត់បន្ថយការជួបជុំដែលមានមនុស្សច្រើន ដូចជា កន្លែងជួបជុំផឹកស៊ី ទីកន្លែងកម្សាន្តសប្បាយ និងត្រូវបន្តប្រកាន់យកឲ្យនូវវិធានការ ៣កុំ និង៣ការពារ ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងមានការឆ្លងកើនឡើង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះកម្រិត នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង មានភាពធូរស្រាល បើប្រៀបធៀបនឹងមេរោគកូវីដ-១៩ ប្រភេទឌែលតា និងអាល់ហ្វា ក៏ពិតមែន តែបើសិនជាវានៅតែកើនចំនួន នៃករណីឆ្លងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនោះ យើងនឹងមានការលំបាកក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងនោះមិនខាន។ សម្ដេចបានផ្ដល់អនុសាសន៍ដល់អាជ្ញាធរដែនដី គួរមានវិធានការរឹតត្បឹតបន្ថែមលើការជួបជុំបែបសាសនា ពិធីបុណ្យ ពិធីមង្គលការ និងការជួបជុំកម្សាន្តសប្បាយនានា ឲ្យមានចំនួនអ្នកចូលរួមកាន់តែតិចកាន់តែល្អ និងត្រូវប្រកាន់ខ្ជាប់វិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដែលវ៉ាក់សាំងទាំងនោះ គឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕
ខាងក្រោមនេះជាសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយជនរួមជាតិប្រុងប្រយ័ត្នចំពោះការរីករាលដាលជំងឺកូវីដ-១៩ ៖