សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹង ក្រុមអង្គរក្ស អ្នកបើកបរ សរុប ១៨នាក់ធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « គោរពជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផល នៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែ ដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។ ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិន និងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។ សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅពេលក្រោយវិញ។ សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៍ឬសុំយោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ»៕