សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ជំនួយថវិកាបន្ថែមដល់បណ្ដាខេត្តទាំង២៤ ដើម្បីធ្វើចត្តាឡីស័កជូនពលរដ្ឋ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្តល់ជំនួយថវិកា ចំនួន ២,៨៣០លានរៀលបន្ថែតទៀត ដល់បណ្តាខេត្តទូទាំងប្រទេស សម្រាប់ធ្វើការត្រៀមធ្វើចត្តាឡីស័ក រយៈពេល១សប្តាហ៍ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
បន្ថែមលើជំនួយថវិកានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភឃីត ១៦,៥០០កញ្ចប់ និងទឹកបរិសុទ្ធចំនួន ២១,០០០កេសផងដែរ សម្រាប់បណ្តាខេត្តដែលជាប់ព្រំដែនកម្ពុជា-ថៃ។
លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកាបន្ថែមជូនខេត្តទាំង២៤ ចំណែកទឹកសុទ្ធ និងឃីត គឺឧបត្ថម្ភជូនខេត្តជាប់ព្រំដែនថៃទាំង៧បន្ថែម ក្នុងការធ្វើចត្តាទ្បីស័កគ្រប់ប្រជាពលរដ្ឋ ដែលចូលមកកម្ពុជារយៈពេល ១៤ថ្ងៃ និងអនុវត្តការធ្វើតេស្តរហ័ស ដើម្បីទប់ស្កាត់ការចម្លងនៃវីរុសកូវីដ–១៩ ពិសេសមេរោគបម្លែងថ្មី»៕