គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​៖ ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២​ |
    សម្ដេចតេជោ​៖ ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ សម្ដេចតេជោ​៖ ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិ នៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច​ឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច អញ្ជើញ​ចូល​រួម​ក្នុង​ពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ចំនួន ៣០ម៉ឺនដូស ជា​ជំនួយ​របស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ។

    សម្ដេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ និង​បាន​ថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប៉ូឡូញ ដែល​បាន​ផ្ដល់​វ៉ាក់សាំងកូវីដ១៩ មកដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា​ចាត់​ទុក​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩​ ជា​អាទិភាពយុទ្ធសាស្ត្រ និងវា​យ​តម្លៃខ្ព​ស់​ចំពោះ ការជួយចែករំលែកវ៉ាក់សាំងគ្នា ទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំង នៅទូទាំងសកលលោក ។ សម្ដេចតេជោ​បាន​មានប្រសាសន៍បន្តថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះ ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លងរាលដាល និងការឈានទៅ បញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរ​ការ​សកម្មភាព​សង្គម-​សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រង ការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រា​មរណភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច​ជាធម្មតា ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជា ក៏ដូចជាសកលលោកទាំងមូល បាន និង​កំពុង​ទទួល​រង​នូវការឆ្លង រាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ជាពិសេស ប្រភេទអូមីក្រុង (Omicron) ដែល​ទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការភិតភ័យ និងស្លន់ស្លោ ។

    ក្នុងបរិការណ៍នេះ ការចាក់វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញនាពេលនេះ នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេស​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស ។ ទាក់ទងទៅ​នឹង​ទំនាក់​ទំនង​ទ្វេភាគី សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូត តាំងពី ឆ្នាំ១៩៦៧ ។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងប៉ូឡូញបានរក្សាទំនងទំនងល្អ ទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។

    កម្ពុជាសូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋប៉ូឡូញ ដែលតែងតែផ្ដល់ជំនួយ និង​ការគាំទ្រ​ដល់​កម្ពុជា ក៏ដូចជាតំបន់ អាស៊ានទាំងមូល ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ ក្នុង​នាម​ជា​ប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និង សាមគ្គីភាពរវាង កម្ពុជា-ប៉ូឡូញ និង​អាស៊ាន-ប៉ូឡូញ ព្រមទាំងរវាងកម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន សហភាពអឺរ៉ុប ឱ្យកាន់​តែ​មាន​ភាព​រឹងមាំ និងស្អិតរមួតថែមទៀត ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ Covid-19 ទាំងអស់គ្នា ត្រូវរៀនរស់តាមបែបគន្លងថ្មី ជាពិសេស​ការ​អនុវត្តវិធាន​ការ​សុខាភិបាល​ឲ្យ​បាន​ជាប់​ខ្លួន​ជា​និច្ច៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង