គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកអគ្គរដ្ឋទូតចិន ៖ ឆ្នាំក្រោយពលរដ្ឋកម្ពុជាអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១​ |
    ឯកអគ្គរដ្ឋទូតចិន ៖ ឆ្នាំក្រោយពលរដ្ឋកម្ពុជាអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅកម្ពុជា ឯកអគ្គរដ្ឋទូតចិន ៖ ឆ្នាំក្រោយពលរដ្ឋកម្ពុជាអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅកម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បាន​អញ្ជើញជាអធិបតីភាពនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និង គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។

    មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បាន​បញ្ជាក់ថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់លើប្រសាសន៍សម្ដេចតេជោ ស្ដីពីគម្រោងបង្កើតរោងចក្រផលិត​វ៉ាក់សាំង ហើយពេលនេះក្រុមហ៊ុន​វ៉ាក់សាំងចិន បាន​កំពុងធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយប្រហែលជាឆ្នាំក្រោយពលរដ្ឋកម្ពុជា​នឹងអាចប្រើប្រាស់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ដែលផលិតនៅកម្ពុជាតែម្តង។

    សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសន្និសីទកាសែតអំឡុងពេលទទួលជំនួយវ៉ាក់សាំងចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅក្នុងប្រទេសកម្ពុជា។

    ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២១ ខណៈដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែម្តងហើយក៏ជាមិត្តដែកថែប។ មិត្តចិនដែលផលិតវ៉ាក់សាំង២ប្រភេទ គឺស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ហើយមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក បានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយជាង៨លានដូស៕

    អត្ថបទទាក់ទង