សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ជំនួយម៉ាសជាង ៣លាន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រមួយចំនួនទៀតដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ជំនួយជាម៉ាសជាង ៣លាន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ស្របពេលនឹងដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សហភាពមីយ៉ាន់ម៉ានៅថ្ងៃស្អែកនេះ។
នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា។ ជាមួយនឹងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាជំនួយម៉ាសចំនួន ៣លាន ២សែនម៉ាស និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តជាច្រើនទៀតដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជំនួយម៉ាស និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តទាំងនេះ រួមមាន ម៉ាស ចំនួន៣លាន ម៉ាស N95 ចំនួន ២សែន វែនតាការពារ ចំនួន១សែន សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់ ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង។