សម្ដេចពិជ័យសេនា៖ កម្ពុជាមានសុឆន្ទៈខ្ពស់ពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាក្នុងនាមជាប្រធាន ADMM2022 មិនចង់ឃើញមានការបែងចែកណាមួយ និងមានសុឆន្ទៈខ្ពស់ ក្នុងការពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ប្រកបដោយបរិយាប័ន្ន។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា នៅពេលយើងកំពុងសម្លឹងមើលទៅលើបញ្ហាប្រឈមដែលយើងកំពុងប្រទះ ដូចជាបញ្ហានុយក្លេអ៊ែរនៅកូរ៉េខាងជើង ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត អំពើភេរវកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត រួមជាមួយនឹងសន្តិសុខជាប្រពៃណីដែលមានស្រាប់មួយចំនួនទៀត វាពិតណាស់ថា បញ្ហាប្រឈមជាសកលទាំងនោះ ទាមទារឲ្យដំណោះស្រាយជាសកលផងដែរ។ សម្ដេចបន្តថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបានទេ។ សព្វថ្ងៃនេះ យើងត្រូវការនិន្នាការពហុភាគីនិយម ដូចជាយន្តការអាស៊ាន និងសាមគ្គីភាពរវាងបណ្ដាប្រទេសនានាជាដើម ដើម្បីដោះស្រាយប្រឈមទាំងនេះ រួមគ្នា។