កាកបាទក្រហមកម្ពុជាប្រគល់អំណោយផ្ទះចំនួន៣២៨ខ្នង ជូនអតីតយុទ្ធជនក្រីក្រនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់់៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលផ្ទះ ជំហានទី៣ ចំនួន៣២៨ខ្នងបន្ថែមទៀត (បង្គ្រប់ចំនួន ៦២៨ខ្នង) ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ ដែលកំពុងរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ-មន្ត្រីពាក់ព័ន្ធ និងសប្បុរសជននានា។
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អតីតប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ និងជាបេសកជនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយអភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានថ្លែងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍភូមិ ចាប់តាំងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ច ទន្ទឹមនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនទាំង៦២៨គ្រួសារ រួមជាមួយការបំពេញនូវតម្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដូចជា ស្ថាបនាផ្លូវថ្នល់, តបណ្តាញអគ្គិសនី, អណ្តូងទឹក, សាងសង់សាលារៀន, អគារស្នាក់នៅគ្រូបង្រៀន, សាងសង់មណ្ឌលសុខភាព, អគារពិនិត្យ និងព្យាបាលជំងឺទូទៅ។ល។
ក្នុងនាមកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ លោកជំទាវបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក៏បានចូលរួមចំណែកគិតគូរអំពីការលំបាក និងលើកស្ទួយជីវភាពរស់នៅរបស់អតីតយុទ្ធជនផងដែរ»។ ឥឡូវនេះនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន២៥នាក់ ដែលមានតួនាទីជាកម្លាំងឈានមុខ សម្រាប់ជួយលើការងារមនុស្សធម៌ដោះស្រាយការលំបាក និងពង្រឹងភាពធន់សហគមន៍។
លោកជំទាវ អគ្គលេខាធិការ សំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ពេលទទួលបានដីសម្បទាន និងផ្ទះនេះហើយ សូមប្រើប្រាស់ឱ្យបានសមស្របក្នុងការបង្កបង្កើនផលសម្រាប់លើកស្ទួយជីវភាពគ្រួសារ និងចេះថែរក្សាផ្ទះសម្បែងជាកេរមរតដ៏ថ្លៃថ្លានេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរស់នៅ និងអាស្រ័យផលបន្តទៀត។ ពិសេសការថែរក្សាសុខភាពឱ្យបានល្អ មើលថែកូនចៅឱ្យបានដិតដល់។
ជំនួសមុខឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ និងក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្វាយព្រះពរ ហ្លួងម៉ែ ជាម្ចាស់ជីវិតលើត្បូង និងសូមសម្តែងនូវការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ជាពិសេសខិតខំអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដេីម្បីបានថវិកាយកមកសាងសង់ផ្ទះ ទុកជាកេរមរតកដ៏ថ្លៃថ្លាជូនអតីតយុទ្ធជនកម្ពុជានាពេលនេះ រួមជាមួយសម្ភារសម្រាប់ឡើងផ្ទះជាច្រើនមុខទៀតផង។
ឯកឧត្តមអំពាវនាវសូមឱ្យអាជ្ញាធរពាក់ព័ន្ធរក្សាដីនៅចំណុចដំណាក់ត្រយឹងឱ្យបានគង់វង្សទុកជាដីសហគមន៍អតីតយុទ្ធជន សម្រាប់ចែកជូននៅពេលពួកគាត់មានកូនចៅ ហើយខ្វះខាតដី និងផ្ទះរស់នៅ ហើយផ្ដល់ឱ្យតែអតីតយុទ្ធជនដែលមានការខ្វះខាតពិតប្រាកដ។
ជាមួយនេះ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំអំណោយសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសម្រាប់សង្កត់ផ្ទះថ្មីដល់គ្រួសារនីមួយៗរួមមាន ៖ គ្រឿងឧបភោគបរិភោប សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សរុប៣៣មុខ និងថវិកាចំនួន១០ម៉ឺនរៀល៕ BTVNews